មន្ត្រីឧទ្យានុរក្សចុះបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់នៅឧទ្យានជាតិគិរីរម្យ

(កំពង់ស្ពឺ)៖ មន្ត្រីឧទ្យានុរក្ស នៃការិយាល័យឧទ្យានជាតិគិរីរម្យ កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបការបោះបង្គោលហ៊ុមព័ទ្ធលើដីដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ។

ប្រតិបត្តិការនេះមានគោលបំណងទប់ស្កាត់ការប៉ុនប៉ងយកដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់ នៅចំណុចភ្នំហាមឃាត់ ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងពេលចុះពិនិត្យដល់ទីតាំងផ្ទាល់ មន្ត្រីឧទ្យានុរក្សបានប្រទះឃើញមានការលួចដាំបង្គោលរបងឈើចំនួន ៦៥បង្គោល លើផ្ទៃដីប្រមាណ ០.៤០ហិកតា។ ដើម្បីអនុវត្តវិធានការច្បាប់ មន្ត្រីឧទ្យានុរក្សបានដកកម្ទេចបង្គោលទាំងនោះចោលនៅនឹងកន្លែងតែម្តង និងកំពុងបន្តស្រាវជ្រាវរកអញ្ញាតជនដែលបានប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធីស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការធ្វើសុក្រឹតកម្មការអនុវត្តច្បាប់នៅឧទ្យានជាតិគិរីរម្យ ដែលមានបីជំហានសំខាន់ៗ រួមមាន៖ ទី១. ការទប់ស្កាត់និងការការពារ, ទី២. ការរៀបចំសណ្តាប់ធ្នាប់, និងទី៣. ការអភិវឌ្ឍប្រកបដោយចីរភាព។

សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងបរិស្ថាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិរបស់ជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕