(Reuters)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ១ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទនេះ ខណៈក្រុមអ្នកវិនិយោសម្រេចចិត្តលក់យកប្រាក់ចំណេញ មុនពេលដែលទីក្រុងវ៉ាស៉ីនតោនប្រកាសដាក់ទណ្ឌកម្មបន្ថែមលើអ៉ីរ៉ង់ ដែលអាចបង្កឱ្យមានការរំខានកាន់តែខ្លាំងដល់ការផ្គត់ផ្គង់ប្រេង ពីតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។

ប្រេងឆៅប្រភេទ Brent ធ្លាក់ថ្លៃ ១,២២ដុល្លារ ឬ ១.២៩ភាគរយ មកនៅត្រឹម ៩៣,១៧ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៨៥,៨៦ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះអស់ ១,២០ដុល្លារ ឬ ១.៣៨ភាគរយ។ តម្លៃប្រេងទាំងពីរប្រភេទនេះ បានកើនឡើងជាង ៥ភាគរយឯណោះកាលពីសប្តាហ៍មុន ពេលដែលកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ជាប់គាំង។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ដែលគ្រោងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះ បានគំរាមដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង មិនធ្លាបមានក្នុងប្រវត្តិសាស្ត្រលើអ៉ីរ៉ង់ ហើយប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានគំរាមដាក់ទណ្ឌកម្មលើដៃគូពាណិជ្ជកម្មរបស់អ៉ីរ៉ង់ផងដែរ។ អ្នកវិភាគទីផ្សារ និយាយថាគេមិនច្បាស់ទេថាតើគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការដាក់អ៉ីរ៉ង់ឱ្យនៅឯកោផ្នែកសេដ្ឋកិច្ច នឹងទទួលបានលទ្ធផលល្អឬយ៉ាងណា។ ប៉ុន្តែបើវាទទួលបានផលដូចការគ្រោងទុក នោះលទ្ធភាពដែលអ៉ីរ៉ង់នឹងឆ្លើយតបវិញដោយការបង្កើនអំពើហិង្សា នឹងបង្កើនជាហានិភ័យ ដែលតម្រូវឱ្យទីផ្សារថាមពលពិចារណាពីបញ្ហានេះ។
យោងតាមប្រភពព័ត៌មានក្នុងវិស័យពាណិជ្ជកម្ម ការលក់បញ្ចុះតម្លៃប្រេងឆៅរបស់អ៉ីរ៉ង់ដល់អ្នកទិញនៅចិនបានធ្លាក់ចុះ ហើយតម្លៃបានកើនឡើងខ្ពស់ ខណៈដែលការរាំងខ្ទប់របស់សហរដ្ឋអាមេរិក បានកាត់បន្ថយការដឹកជញ្ជូនប្រេងរបស់ទីក្រុងតេហេរ៉ង់៕





























