នាយករដ្ឋមន្រ្តីព្រីតថេន Andy Burnham នឹងទៅកាន់ទីក្រុងកៀវនាថ្ងៃចន្ទនេះ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង

(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្ត្រីព្រីតថេន (ចក្រភពអង់គ្លេស) បានឲ្យដឹងថា លោក Andy Burnham នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវនៅថ្ងៃចន្ទនេះ ដែលជាដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែងកាលពីខែមុន ស្របពេលអ៊ុយក្រែនប្រារព្ធខួបឯករាជ្យលើកទី៣៥របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។

ក្រោយឡើងកាន់តំណែងភ្លាម លោក Burnham បានប្តេជ្ញាផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់អ៊ុយក្រែន ខណៈដែលប្រទេសនេះ កំពុងបន្តប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំរូបនេះ ធ្វើឡើងស្របពេលដែលលោក Burnham បានប្រកាសថា ព្រីតថេនបានយល់ព្រមឲ្យក្រុមហ៊ុនការពារជាតិ MBDA បញ្ចេញព័ត៌មានសម្ងាត់ ស្តីពីគ្រឿងបង្គុំរបស់ព្រីតថេន សម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ SCALP ដើម្បីគាំទ្រដល់ការបង្កើតរោងចក្រដំឡើងក្នុងស្រុកនៅអ៊ុយក្រែនផ្ទាល់។ មីស៊ីលនេះ គឺជាកំណែនៃមីស៉ីល Storm Shadow របស់ព្រីតថេន ដែលផលិតដោយបារាំង ហើយប្រើប្រាស់បច្ចេកវិទ្យាបារាំង និងអង់គ្លេសរួមគ្នា។

បើតាមទីក្រុងឡុងដ៍ ព្រីតថេនគឺជាប្រទេសដំបូងគេ ដែលបានផ្តល់អាវុធវាយប្រហាររយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន សម្រាប់គោលដៅការពារខ្លួន កាលពីក្នុងឆ្នាំ២០២៣។ ការសម្រេចចិត្តបញ្ចេញព័ត៌មានសម្ងាត់ នឹងអនុញ្ញាតឲ្យបារាំងរួមគ្នាជាមួយអ៊ុយក្រែន បោះជំហានទៅមុខក្នុងផែនការដំឡើងមីស៊ីលនៅអ៊ុយក្រែន។

អំឡុងទស្សនកិច្ចនៅទីក្រុងកៀវ លោក Burnham នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកដំបូងរបស់លោក នៃសម្ព័ន្ធភាពហៅថា Coalition of the Willing ដែលប្រមូលផ្តុំក្រុមប្រទេសគាំទ្រទីក្រុងកៀវ។ ការិយាល័យប្រធានាធិបតីបារាំង បានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្នុងទម្រង់ «កូនកាត់» មានន័យថា អ្នកចូលរួមមួយចំនួននឹងចូលរួមដោយផ្ទាល់ ខណៈអ្នកផ្សេងទៀតចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

លោក Burnham បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ក្នុងឱកាសខួបឯករាជ្យលើកទី៣៥ របស់អ៊ុយក្រែន ប្រជាជនអ៊ុយក្រែន មិនគួរមានការសង្ស័យឡើយ គឺព្រីតថេននៅពីក្រោយអ្នកនាថ្ងៃនេះ និងដរាបណាវានៅតែចាំបាច់»។ ដំណើរទស្សនកិច្ចរបស់លោក Burnham កើតមានឡើង ត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានមកបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍។ អំឡុងដំណើរទស្សនកិច្ចនោះ ទីក្រុងឡុងដ៍ ក៏បានប្រកាសផងដែរថា ខ្លួននឹងចែករំលែកជាមួយទីក្រុងកៀវ នូវព័ត៌មានស្តីពីបច្ចេកវិទ្យាប្រឆាំងរលកសញ្ញាអេឡិចត្រូនិកថ្មី ដែលត្រូវបានសាកល្បងក្នុងសមរភូមិជាក់ស្តែង ហៅថា «Stone Cloak»

គួរបញ្ជាក់ថា ព្រីតថេនគឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន ចាប់តាំងពីការបង្កសង្រ្គាមឈ្លានពានរបស់រុស្ស៊ី កាលពីឆ្នាំ២០២២ ដោយបានប្តេជ្ញាផ្តល់ការគាំទ្រសរុបប្រមាណ ២៥ពាន់លានផោន (៣៤ពាន់លានដុល្លារ) ក្នុងនោះរួមទាំងជំនួយយោធាចំនួន ១៦ពាន់លានផោន៕