ប្រធានាធិបតីបារាំង Macron នឹងស្វាគមន៍ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចពិភាក្សារាប់ចាប់ពីវិស័យកីឡា ដល់វិស័យថាមពល

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron ត្រូវទទួលស្វាគមន៍ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត និងជាមេដឹកនាំកាន់អំណាចរបស់ប្រទេស គឺព្រះអង្គម្ចាស់ Mohammed bin Salman សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅក្នុងប្រទសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។

របៀបវារៈផ្លូវការនៃដំណើរទស្សនកិច្ចនេះ មានចាប់ពីវិស័យកីឡាអេឡិចត្រូនិក (esports) រហូតដល់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ហើយមន្ត្រីការិយាល័យប្រធានាធិបតីបារាំងម្នាក់ បានឱ្យដឹងថា កិច្ចព្រមព្រៀងមួយចំនួនពាក់ព័ន្ធវិស័យសុខាភិបាល ដឹកជញ្ជូន និងថាមពល នឹងត្រូវចុះហត្ថលេខានៅថ្ងៃចន្ទនេះ។

មន្ត្រីការិយាល័យប្រធានាធិបតីបារាំងបានបដិសេធធ្វើអត្ថាធិប្បាយ អំពីផែនការនៃកិច្ចព្រមព្រៀងដែលកំពុងត្រូវបានពិភាក្សា និងដែលអាចពាក់ព័ន្ធគម្រោងសួនកម្សាន្តដ៏ធំមួយឈ្មោះ «Dragons Ball» ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិរបស់អារ៉ាប៊ីសាអូឌីត ហើយគ្រោងសាងសង់ក្នុងតំបន់ Val-d’Oise ក្បែរទីក្រុងប៉ារីស៕