សេអ៊ូល៖ កូរ៉េខាងជើងកំពុងបន្តត្រៀមបញ្ជូនទ័ពបន្ថែមទៅរុស្ស៊ី ប៉ុន្តែមិនទាន់មានសញ្ញាថា ការបញ្ជូននេះនឹងកើតឡើងឆាប់ៗទេ

(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងកំពុងបន្តត្រៀមរៀបចំ សម្រាប់ការបញ្ជូនទ័ពបន្ថែមទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែមិនទាន់ឃើញមានសញ្ញាណាមួយ ដែលបង្ហាញថា ការបញ្ជូននេះនឹងកើតឡើងក្នុងពេលឆាប់ៗទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។

ការវាយតម្លៃដូចខាងលើ គឺបន្ទាប់ពីលោកស្រី គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន បានបដិសេធការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលថាទីក្រុងព្យុងយ៉ាងគ្រោងនឹងបញ្ជូនទ័ពរហូតដល់ ៥០ ០០០នាក់បន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយសម្ព័ន្ធមិត្តខ្លួនប្រយុទ្ធ ក្នុងសង្រ្គាមអ៊ុយក្រែន។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សមាជិកសភា លោក Yu Yong-weon ថា កូរ៉េខាងជើងបានបន្តផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធឱ្យរុស្ស៊ី ក្នុងនោះរួមទាំងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី។ កូរ៉េខាងជើងត្រូវគេប៉ាន់ប្រមាណថា បានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំសរុបជាង ១៥លានគ្រាប់ដល់រុស្ស៊ី។

គួរបញ្ជាក់ថា កូរ៉េខាងជើងនិងរុស្ស៊ី បានបង្កើនកិច្ចសហប្រតិបត្តិការយោធាយ៉ាងខ្លាំង ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដោយទីក្រុងព្យុងយ៉ាង បានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំនិងមីស៊ីល ចាប់តាំងពីឆ្នាំ២០២៣មក និងថែមទាំងបានបញ្ជូនទ័ព ចាប់ពីឆ្នាំ២០២៤។ នេះបើយោងតាមការវាយតម្លៃរបស់កូរ៉េខាងត្បូង អ៊ុយក្រែន និងក្រុមលោកខាងលិច។ ទីក្រុងម៉ូស្គូនិងទីក្រុងព្យុងយ៉ាង ធ្លាប់បានបដិសេធចំពោះការផ្ទេរអាវុធឱ្យគ្នា៕