ថ្ងៃនេះ មានខេត្តចំនួន៤ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញនៅគ្រប់កម្រិត

ថ្ងៃនេះ មានខេត្តចំនួន ៤ប៉ុណ្ណោះ ដែលបានទទួលការអនុញ្ញាតពីក្រសួងឱ្យបើកដំណើរការគ្រប់កម្រិតសិក្សាតាំងពីថ្នាក់១ ដល់ទី១២ ប៉ុន្តែសម្រាប់តែសាលាដែលស្ថិតនៅក្នុងទីរួមខេត្តតែប៉ុណ្ណោះ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយក្រសួងពិនិត្យឃើញថា មានហានិភ័យឆ្លងកូវីដ-១៩ កម្រិតទាប។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងផងដែរថា សាលារៀនមួយចំនួន នៅក្នុងប្រទេសកម្ពុជា បានបើកដំណើរការឡើងវិញដំណាក់កាលទី២ នាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលជិត៦ខែ។ ការបើកដំណើរការឡើងវិញនេះ សាលាត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងក៏បានកំណត់ឱ្យសាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព ដោយកៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។ សិស្សានុសិស្សទាំងអស់ មុនពេលចូលសាលាតម្រូវឱ្យមានការវាស់កម្តៅ វាយត្រាសម្គាល់ លាងសម្អាតដៃកម្ចាត់មេរោគ ពាក់ម៉ាស់ ឬរបាំងមុខ កាត់បន្ថយការប្រមូលផ្ដុំជាដើម។

គួររម្លឹកថា ការបើកទ្វាសាលារៀនឡើងវិញនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ នៃគ្រឹះស្ថានសិក្សារដ្ឋ គឺអនុវត្តសម្រាប់តែថ្នាក់ទី៩ និងទី១២ ប៉ុណ្ណោះ ដោយឡែកសម្រាប់ខេត្តចំនួន៤ទៀតរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមានហានិភ័យឆ្លងកូវីដ-១៩ កម្រិតទាប ក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់កម្រិតសិក្សាតាំងពីថ្នាក់ទី១ ដល់ ថ្នាក់ទី១២ ហើយចំពោះវិសាលភាពនៃការបើកដំណើរការឡើងវិញគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ក្រៅពីខេត្តទាំង០៤ខាងលើ គឺត្រូវអនុវត្តក្នុងទ្រង់ទ្រាយតូច ឆ្លាស់វេន និងកំណត់ចំនួនកុមារត្រឹម ១៥នាក់ ទៅ ២០នាក់ ក្នុងមួយថ្នាក់ ព្រមទាំងផ្តល់អទិភាពដល់កុមារអាយុ ៥ឆ្នាំ។

ដោយឡែក ពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ នៅតាមគ្រឹះស្ថានសិក្សាឯកជន ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ក៏បានឱ្យដឹងផងដែរថា “ក្រសួងបាន និងកំពុងពិនិត្យពាក្យស្នើសុំបើក និងបានបែងចែកក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់ហើយនៅព្រឹកថ្ងៃទី០៧ ខែកញ្ញានេះ ដើម្បីវាយតម្លៃនូវស្តង់ដារសុខភាពសិក្សា និងអនាម័យ ក៏ដូចជាវិធានការផ្សេងៗទៀត ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ហើយបន្ទាប់ពីបានទទួលលទ្ធផលរង្វង់២ថ្ងៃ ទៅ៣ថ្ងៃ ខាងមុខនេះ ក្រសួងអប់រំនឹងអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនទាំងនោះ បើកឡើងវិញក្នុងជុំទី២នេះ ក្នុងពេលដ៏ឆាប់នេះផងដែរ”។

គួររម្លឹកផងដែរថា បន្ទាប់ពីមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ទៅលើបុរសជនជាតិខ្មែរមួយរូប រស់នៅខេត្តសៀមរាប ហើយដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយបុរសជនជាតិជប៉ុនម្នាក់ ដែលផ្ទុកវីរុសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យបិទគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ដំបូងបំផុតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីខែមីនា កន្លងទៅ ហើយបន្ទាប់មក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពី ការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស៕