សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរជាថ្មីថា គ្មានការបង្រួម ឬពង្រីកក្រសួងឡើយ តែពង្រឹងប្រសិទ្ធភាពការងារ

(ក្រចេះ)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ពីលើវេទិកាក្នុងខេត្តក្រចេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជំហរថា រាជរដ្ឋាភិបាលកម្ពុជា មិនមានការបង្រួម ឬពង្រីកក្រសួងនោះឡើយ ប៉ុន្ដែអ្វីដែលត្រូវធ្វើនៅពេលនេះ គឺត្រូវពង្រឹងរចនាសម្ព័ន្ធ ពង្រឹងប្រសិទ្ធភាព និងធនធានមនុស្ស តាមក្រសួងដែលមានស្រាប់។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែ នៅខេត្តក្រចេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ មិនត្រូវនិយាយ តែតួលេខទេ តែត្រូវមើលពីប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្នុងនោះ ប្រទេសមួយចំនួនដូចជាឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង និងឥណ្ឌាជាដើម សុទ្ធតែបានពង្រីកប្រព័ន្ធរដ្ឋបាលសាធារណៈ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម៉ោងនេះអត់និយាយរឿងបង្រួមក្រសួង ពង្រីកក្រសួង យើងនិយាយថែរក្សាអ្វីដែលមានពង្រឹងអ្វីដែលមានស្រាប់ផ្ទៃក្នុង អាចកែសម្រួលអគ្គនាយកដ្ឋានមួយចំនួន ប៉ុន្ដែក្រសួងនៅដដែល ព្រោះបើកែនៅលើខាង ត្រូវកែមន្ទីរនៅខាងក្រោមទៀត […] មានការបញ្ចេញមតិច្រើនលើបញ្ហានេះ ប៉ុន្ដែមិនមានអ្នកខុស មិនមានអ្នកត្រូវ សុទ្ធតែមានមូលដ្ឋានទាំងអស់ ប៉ុន្ដែសម្រាប់កម្ពុជា ត្រូវយកអ្វីដែលល្អបំផុតក្នុងជំហ៊ាននីមួយៗ ក្នុងដំណាក់កាលនេះ កែទម្រង់ប្រសិទ្ធភាព ប្រសិទ្ធផល គឺរក្សាចំនួនក្រសួងដដែល ពង្រឹងក្រសួងនីមួយៗ តាមការវិភាគការកំណត់មុខងារ»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, បញ្ហាពង្រីក ឬបង្រួមក្រសួង អាស្រ័យលើទិសដៅនយោបាយ ព្រោះប្រទេសខ្លះបង្រួមក្រសួងដើម្បីបង្ហាញឆន្ទៈនយោបាយអំពីការកំណែទម្រង់ ហើយប្រទេសខ្លះពង្រីកក្រសួងដោយសារមានគណបក្សច្រើន ប៉ុន្ដែក៏នៅមានហេតុផលបច្ចេកទេសផ្សេងទៀត គឺកាត់បន្ថយការជាន់គ្នា កាត់បន្ថយនីតិវិធីជួយសន្សំប្រាក់ និងសន្សំមន្ដ្រី ខណៈពង្រីកបង្កើនអាទិភាពសំខាន់មួយចំនួន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកាន់យកក្នុងការកំណែទម្រង់ គឺមិនផ្ដោតលើក្រសួងតិច ឬច្រើននោះទេ ប៉ុន្ដែអ្វីដែលផ្ដោតនៅពេលនេះ គឺក្រសួង ស្ថាប័នដែលមានស្រាប់បំពេញការងារមានប្រសិទ្ធភាពឬនៅ? ទិសដៅកំណែទម្រង់របស់រាជរដ្ឋាភិបាល គឺចង់បានប្រសិទ្ធភាពការងារ ដោយមិនផ្ដោតទៅលើក្រសួងតិច ឬច្រើននោះឡើយ ដែលនេះជាអភិក្រមរបស់កម្ពុជា។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើវិភាគមុខងារផ្ដោតសំខាន់ទៅលើ ទី១៖ ការពង្រឹងរចនាសម្ព័ន្ធ, ទី២៖ ពង្រឹងប្រព័ន្ធការងារ និងទី៣៖ ពង្រឹងធនធានមនុស្ស។ ឆ្លងកាត់ការវិភាគមុខងារនេះ ក៏មានអគ្គនាយកដ្ឋានមួយចំនួនត្រូវបានកាត់បន្ថយ ហើយក៏មានក្រសួង ស្ថាប័នខ្លះ ត្រូវបង្កើតផ្នែកបន្ថែមផងដែរ ដើម្បីដើរឲ្យទាន់ភាពនៃការវិវឌ្ឍរបស់សង្គមនាពេលបច្ចុប្បន្ន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការធ្វើកំណែទម្រង់នេះកម្ពុជា មិនអនុវត្តតាមប្រទេសណាមួយនោះទេ ពោលអាស្រ័យលើស្ថានភាពជាក់ស្ដែង និងពេលវេលានៃការឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ។ សម្ដេចបានលើកឡើងថា ពាក់ព័ន្ធការពង្រីក ឬបង្រួមក្រសួង ក៏មានអ្នកវិភាគជាច្រើនបានលើកឡើង ប៉ុន្ដែមិនមានអ្នកខុស ឬអ្នកត្រូវនោះទេ ពោលសុទ្ធតែមានមូលដ្ឋានរៀងៗខ្លួន ប៉ុន្ដែពេលនេះរាជរដ្ឋាភិបាលផ្ដោតលើការពង្រឹងប្រសិទ្ធភាព រក្សាអ្វីដែលមានស្រាប់។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើដល់មន្ដ្រីនៅតាមក្រសួង ស្ថាប័នទាំងអស់ត្រូវពង្រឹងស្មារតីក្នុងការបំពេញការងារ ដោយមិនត្រូវបារម្ភអំពីការកាត់ក្រសួង ស្ថាប័ននោះឡើយ៕