
ខេត្តព្រះវិហារ៖ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ កំពុងបន្តនីតិវិធីស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមស្វែងរក និងចាប់ខ្លួនជនសង្ស័យម្នាក់ ាក់ទិននឹងករណីដឹកជញ្ជូនឈើដោយខុសច្បាប់ និងបានបើករថយន្តបុកកិនម៉ូតូរបស់ក្រុមការងារល្បាត ក្នុងបំណងគេចខ្លួនពីការឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រតិបត្តិការល្បាត នៅចំណុចតាសែង (និយាមកាលេខ ៤៧៨៣៥១-១៤៧៣៦៥៤) ស្ថិតក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាតំបន់ស្ថិតក្រោមការគ្រប់គ្រងនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។
យោងតាមរបាយការណ៍ផ្លូវការបានឱ្យដឹងថា ប្រតិបត្តិការល្បាតនេះ ដឹកនាំដោយលោក បេន សហការជាមួយមន្ត្រីឧទ្យានុរក្ស និងកងរាជអាវុធហត្ថ។ នៅក្នុងដំណើរការល្បាត ក្រុមការងារបានប្រទះឃើញរថយន្តដឹកឈើខុសច្បាប់ ០១គ្រឿង ម៉ាក សាំយ៉ុង (SsangYong) ពណ៌ស គ្មានស្លាកលេខច្បាស់លាស់ បើកបរដោយបុគ្គលឈ្មោះ ផាន កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីភូមិតាសែងកណ្តាល ឆ្ពោះទៅកាន់ព្រំប្រទល់ខេត្តកំពង់ធំ។
នៅពេលកម្លាំងសមត្ថកិច្ចចេញបញ្ជាឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យតាមនីតិវិធី ជនសង្ស័យឈ្មោះ ផាន មិនត្រឹមតែមិនប្រគល់ខ្លួនឱ្យសមត្ថកិច្ចនោះទេ ថែមទាំងបានបង្កើនល្បឿនបើករថយន្តបុកកិនម៉ូតូរបស់ក្រុមការងារល្បាតពេញទំហឹង បណ្តាលឱ្យខូចខាតកម្រិតមធ្យម ហើយបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
បច្ចុប្បន្ន ថ្នាក់ដឹកនាំដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បាននិងកំពុងដឹកនាំការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយសហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងតាមចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន និងកាត់ទោសលើបទល្មើសព្រៃឈើ ព្រមទាំងបទល្មើសប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ៕ ដោយ សួន ពិសិត




























