
ខេត្តកោះកុង÷ ឯកឧត្តម នាយ ឧត្តម សេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) និងអាជ្ញាធរខេត្តកោះកុង បានរៀបចំពិធីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា» រួមជាមួយពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនដែលរឹបអូសបាន ក្រោមអធិបតីភាពថ្នាក់ដឹកនាំខេត្ត តំណាងអយ្យការ និងមន្ត្រីពាក់ព័ន្ធ។
ពិធីនេះត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃអង្គារ ១២ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមប្រធានបទស្តីពីការឆ្លើយតប និងដោះស្រាយបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃសារធាតុញៀន។

សកម្មភាពសំខាន់ៗក្នុងពិធី÷
ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់វត្ថុតាង÷
មន្ត្រីជំនាញអមដោយតំណាងអយ្យការអមសាលាដំបូងខេត្ត បានធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ និងរាប់ចំនួនសារធាតុញៀនយ៉ាងម៉ត់ចត់បំផុត មុននឹងប្រគល់ជូនគណៈកម្មការដុតបំផ្លាញ។
ការដុតបំផ្លាញគ្រឿងញៀន÷ សារធាតុញៀនខុសច្បាប់ និងសារធាតុគីមីផ្សំជាច្រើនប្រភេទ ដែលកងកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ បង្ក្រាប និងរឹបអូសបានក្នុងប្រតិបត្តិការកន្លងមក ត្រូវបានដុតបំផ្លាញចោលជាផ្លូវការ។

ការផ្ដាច់ញាចិត្តរបស់អាជ្ញាធរ÷ ថ្នាក់ដឹកនាំខេត្តបានគូសបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តរៀបចំ និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមិនលើកលែងចំពោះបទល្មើសគ្រឿងញៀនឡើយ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តកោះកុងបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជន ឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចនៅពេលជួបប្រទះសកម្មភាពសង្ស័យ ដើម្បីរួមគ្នាលុបបំបាត់គ្រឿងញៀនឱ្យអស់ពីសហគមន៍។

គោបញ្ជាក់ថា: ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា នេះឡើង ក្នុងគោលបំណងដើម្បីបំផុសស្មារតីពលរដ្ឋទាំងអស់ លើសកលលោកឱ្យចូលរួមសកម្មផុលផុសតាមគ្រប់រូបភាព មធ្យោបាយ វិធីសាស្ត្រ និងយុទ្ធនាការនានា សំដៅធ្វើ យ៉ាងណារារាំង ទប់ស្កាត់ កាត់បន្ថយ និងឈានទៅ លុបបំបាត់ទាំងស្រុងរាល់ការប្រើប្រាស់ ការចែកចាយ ការ ចរាចរ និងរាល់ឧក្រិដ្ឋកម្មគ្រឿងញៀន ពិសេស ដើម្បី លើកកម្ពស់ការយល់ដឹងជាសកលអំពីផលប៉ះពាល់នៃ គ្រោះថ្នាក់ដែលកើតចេញពីគ្រឿងញៀនចំពោះមនុស្ស គ្រួសារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ សង្គម៕ ដោយ សេន ពិសិដ្ឋ
































