
(បៃរូត)៖ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា ស្ត្រីជនជាតិលីបង់ម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលបានកំណត់គោលដៅលើទីប្រជុំជននានានៅភាគខាងត្បូងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
បើតាមប្រភពដដែល ការបាត់បង់ជីវិត និងរបួសនេះបានកើតឡើងនៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល បានធ្លាក់ចំ និងបំផ្លាញផ្ទះមួយខ្នងនៅក្នុងភូមិ Arabsalim ស្ថិតក្នុងតំបន់ Iqlim al-Tuffah នៃស្រុក Nabatieh។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតមានឡើងស្របពេលដែលភាពតានតឹងនៅតែបន្តកើតមានតាមបណ្តោយព្រំដែនលីបង់-អ៉ីស្រាអែល បន្ទាប់ពីកិច្ចចរចាជុំទី៧ រវាងលីបង់ និងអ៉ីស្រាអែល ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី កាលពីថ្ងៃទី៦ ខែសីហាកន្លងទៅ ដោយផ្តោតលើការរៀបចំសន្តិសុខតាមព្រំដែន និងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងភាគីទាំងពីរ៕



























