លោក ត្រាំ អះអាងថាសហរដ្ឋអាមេរិកនឹងបំពេញស្ដុកប្រេងឥន្ធនៈយុទ្ធសាស្ត្រឡើងវិញ ដោយប្រើប្រេងវ៉េណេស៊ុយអេឡា

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ថាប្រេងបានមកពីការចុះកិច្ចព្រមព្រៀងជាមួយវ៉េណេស៊ុយអេឡាត្រូវបានប្រើប្រាស់ ដើម្បីបំពេញឡើងវិញនូវស្តុកប្រេងឥន្ធនៈយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលត្រូវបានដកចេញយកមកប្រើក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះក្នុងការដោះស្រាយបញ្ហាផ្គត់ផ្គង់ និងការឡើងថ្លៃប្រេងឥន្ធនៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ ក៏បានបញ្ជាក់ដែរថានីតិវិធីបូមប្រេងនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ដោយចាត់ទុកថាប្រេងវ៉េណេស៊ុយអេឡាគឺជាអំណោយរបស់ប្រជាជនវ៉េណេស៊ុយអេឡាសម្រាប់ប្រជាជនអាមេរិក។ ប៉ុន្តែភ្លាមៗ វាមិនទាន់ច្បាស់ថាតើកិច្ចព្រមព្រៀងជាមួយវ៉េណេស៊ុយអេឡានឹងត្រូវអនុវត្តឆាប់ៗយ៉ាងដូចម្ដេចនោះទេ?

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ បានប្រកាសថា រដ្ឋបាលរបស់លោក សម្រេចបានកិច្ចព្រមព្រៀងប្រេងដ៏ធំមួយជាមួយ វ៉េណេស៊ុយអេឡា ដែលផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសិទ្ធិកាន់កាប់ភាគច្រើនលើ ធនធានប្រេងក្រោមដីចំនួន ៦៥ពាន់លានបារ៉ែល។ មន្ត្រីអាមេរិកនិងវ៉េណេស៊ុយអេឡា បានឱ្យដឹងថា កិច្ចព្រមព្រៀងខាងលើ ដែលលោក ត្រាំ ហៅថា «កិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក» នឹងនាំមកនូវការវិនិយោគពីវិស័យឯកជន ទំហំប្រមាណ ១០០ពាន់លានដុល្លារ ទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ វ៉េណេស៊ុយអេឡា ជាប្រទេសមានប្រេងក្រោមដីច្រើនបំផុតនៅលើពិភពលោក។

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានសរសេរនៅលើបណ្តាញសង្គមថា កិច្ចព្រមព្រៀងនេះ អាចនាំមកនូវការវិនិយោគច្រើនជាង ១០០ពាន់លានដុល្លារ រួមជាមួយចំណូលពន្ធជាង ២០៩ពាន់លានដុល្លារសម្រាប់រដ្ឋ៕