
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកជំទាវ មហាឧបាសិកា សុខ កែវ និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រ មណ្ឌលតាកែវ នីតិកាលទី៧ នៃរដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវជាស្វាមីជាទីស្រឡាញ់របស់លោកជំទាវ បានទទួល មរណភាពនៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦នេះ វេលាម៉ោង ១២៖២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងភរិយា និងក្រុមគ្រួសារ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីតក់ស្លុត និងនឹកស្តាយស្រងោចចិត្តឥតឧបមាបន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតថា ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ នីតិកាលទី៧នៃរដ្ឋសភា និងជាអតីត រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវជាស្វាមីជាទីស្រឡាញ់របស់ លោកជំទាវ បានទទួល មរណភាពនៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ វេលាម៉ោង ១២៖២៩នាទី ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ»។
ក្នុងឱកាសដ៏សោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខអាឡោះអាល័យឥតគណនា ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលជាការបាត់បង់ដ៏ធំធេងនូវស្វាមី បិតា ជីតា សាច់ញាតិ សហការីប្រកបដោយថាមវន្ត និងតំណាងរាស្ត្រដ៏ឆ្នើមមួយរូប ដែលតែងតែបានលះបង់ស្ទើរពេញ មួយជីវិតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនប្រកបដោយ ស្វាមីភ័ក្តិ និងស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ។ ការចូលរួមអភិវឌ្ឍជាតិដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ កន្លងមក ជាពិសេស វិស័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានា សន្តិសុខស្បៀង បង្កើតការងារ ជំរុញការនាំចេញផលិតផលកសិកម្ម កសិឧស្សាហកម្ម ការពារបរិស្ថាន និង ធនធានធម្មជាតិ។ ការណ៍នេះ គឺជាអនុភាគយុទ្ធសាស្ត្រដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ព្រោះ វិស័យកសិកម្មមិនគ្រាន់តែជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជន្ទល់អាទិភាពទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់ សំដៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ គំរូវីរភាពរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ នឹងត្រូវបានចងចាំជានិច្ចនិរន្តរ៍។
យើងទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីយើងខ្ញុំទាំងអស់គ្នា៕




























