(ស៊ីដនី)៖ ចិនបានបង្ហាញការព្រួយបារម្ភចំពោះវត្តមានរបស់តៃវ៉ាន់នៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រទេសដែនកោះជាសមាជិកវេទិកា Pacific Islands Forum រៀបចំឡើងក្នុងប្រទេស Palau ជាមួយការព្រមានពីផលវិបាក បន្ទាប់ពីក្រុមមន្ត្រីមកពីតៃវ៉ាន់បានចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនេះកាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយភាពតានតឹងរវាងចិន និងតៃវ៉ាន់បានបង្កភាពស្មុគស្មាញដល់កិច្ចប្រជុំនៃវេទិកា Pacific Islands Forum ជាទីដែលប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក មានបំណងបង្ហាញពីសាមគ្គីភាព។ ដោយលើកឡើងពីវត្តមានរបស់តៃវ៉ាន់ លោក Qian Bo ជាបេសកជនពិសេសចិនទទួលបន្ទុកកិច្ចការដែនកោះប៉ាស៊ីហ្វិក បាននិយាយថាវាមិនមែនជាការសម្លុតគំរាមទេ តែច្បាស់ណាមួយ វាត្រូវតែមានផលវិបាក»។ លោក Qian Bo មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាផលវិបាកដែលលោកបានលើកឡើងនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីហ្វីជី (Fiji), វ៉ានូទូ (Vanuatu), សាម័រ (Samoa), សូឡូម៉ុន (Solomon Islands) ព្រមទាំង ប្រធានាធិបតីគិរីបាទី (Kiribati) បានប្រកាសថា នឹងមិនមកចូលរួមដោយផ្ទាល់នៅក្នុងកិច្ចប្រជុំមេដឹកនាំនេះទេ។ ការខកខានចូលរួមរបស់បណ្តាមេដឹកនាំខាងលើ គឺកើតមានឡើងចំពេលរដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក Lin Chia-lung ក៏កំពុងស្ថិតនៅក្នុងប្រទេស Palau ដែរ ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍ផ្សេងៗ ដែលរៀបចំឡើងក្រោមក្របខណ្ឌនៃកិច្ចប្រជុំ Pacific Islands Forum។
វត្តមានរបស់លោក គឺជារឿងរសើបមួយ ដ្បិត Palau គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសកោះប៉ាស៊ីហ្វិកតែ៣ប៉ុណ្ណោះ ដែលនៅបន្តទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ខណៈចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងប្រឆាំងដាច់ខាតចំពោះការចូលរួមរបស់តៃវ៉ាន់ នៅក្នុងវេទិកាអន្តរជាតិនានា៕



























