អាមេរិក បង្កើនរបាំងការពារលើដ្រូន និងរ៉ូបូត ខណៈចិននៅតែមានប្រៀបលើទំហំផលិតកម្ម

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍មកថាកំពុងបង្កើនការរឹតបន្តឹង និងដាក់របាំងពាណិជ្ជកម្មកាន់តែខ្លាំងឡើង លើការនាំចូលបច្ចេកវិទ្យាដ្រូន (Drone) និងរ៉ូបូត (Robotics) ដែលផលិតដោយបរទេស ជាពិសេសពីប្រទេសចិន ដោយសំអាងលើហេតុផលសន្តិសុខជាតិ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគជឿជាក់ថា វិធានការទាំងនេះ អាចត្រឹមតែធ្វើឱ្យទីផ្សារពិភពលោកបែកចែកជាពីរ ប៉ុន្តែមិនអាចកាត់បន្ថយឧត្តមភាពនៃការផលិតក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិនបានឡើយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TechCrunch បានឱ្យដឹងថា រដ្ឋាភិបាលអាមេរិកបានប្រកាសពីវិធានការដកពន្ធ និងការហាមឃាត់ជាបន្តបន្ទាប់រួមមាន ពន្ធគយ ១០០% លើដ្រូន ពោលចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ តទៅ អាមេរិកនឹងដំឡើងពន្ធគយរហូតដល់ ១០០% លើការនាំចូលដ្រូនដែលមានទម្ងន់លើសពី ២៥គីឡូក្រាម ដ្រូនដែលមានបំពាក់កាមេរ៉ាកម្ដៅ (Thermal Imagers) កន្លែងផ្ទុក (Docking stations) និងសមាសភាគសំខាន់ៗមួយចំនួនទៀត។ ចំណែកឯដ្រូនតូចៗផ្សេងទៀតត្រូវប្រឈមនឹងពន្ធ ២៥%។ ការហាមឃាត់រ៉ូបូតរូបរាងមនុស្ស (Humanoid Robots) ពោលគណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) និងក្រសួងការពារជាតិ បានបង្កើនការរឹតបន្តឹងលើការនាំចូលរ៉ូបូតរូបរាងមនុស្ស រ៉ូបូតឆ្កែ (Robot Dogs) និងឧបករណ៍បញ្ជាថាមពលពីបរទេស ដោយសារកង្វល់ផ្នែកសន្តិសុខទិន្នន័យ និងការលួចយកព័ត៌មានសម្ងាត់។

ទោះបីជាមានការបិទខ្ទប់ពីសំណាក់ក្រុងវ៉ាស៊ីនតោនក៏ដោយ ក៏ទំហំផលិតកម្មដ៏ធំសម្បើម និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំរបស់ចិន នៅតែជាកត្តាសម្រេច៖
១. ការគ្រប់គ្រងទីផ្សារ៖ ក្រុមហ៊ុនផលិតរ៉ូបូតធំៗទាំង៥ របស់ចិន បច្ចុប្បន្នគ្រប់គ្រងការដឹកជញ្ជូនរ៉ូបូតប្រមាណ ៨៦% នៃទីផ្សារសកលលោក។
២. សមាសភាគគ្រឹះ៖ ក្រុមហ៊ុនផលិតដ្រូនរបស់អាមេរិក ឬបណ្តាប្រទេសលោកខាងលិច ទោះបីជាដំឡើងឧបករណ៍នៅក្នុងស្រុកក៏ដោយ ក៏នៅតែត្រូវពឹងផ្អែកយ៉ាងខ្លាំងលើសមាសភាគសំខាន់ៗដែលផលិតនៅចិន ដដែល ដូចជា មេដែកអចិន្ត្រៃយ៍សម្រាប់ម៉ូទ័រ និងថ្មលីចូម-អុីយ៉ុង (Lithium-ion battery cells)។
៣. តម្លៃថោក៖ បណ្តាញផ្គត់ផ្គង់ដ៏ក្រាស់ក្រែលនៅក្នុងស្រុកចិន ធ្វើឱ្យថ្លៃដើមផលិតរ៉ូបូត និងដ្រូនមានតម្លៃទាបជាងឆ្ងាយ បើប្រៀបធៀបនឹងការផលិតនៅសហរដ្ឋអាមេរិក ឬអឺរ៉ុប។

អ្នកជំនាញមើលឃើញថា ឧស្សាហកម្មដ្រូន និងរ៉ូបូតពិភពលោកកំពុងបែកចែកជា២ប្រព័ន្ធអេកូឡូស៊ី៖
១៖ ទីផ្សារដឹកនាំដោយអាមេរិក និងសម្ព័ន្ធមិត្ត ផ្តោតលើសុវត្ថិភាពទិន្នន័យ ឧបករណ៍ដែលមានអនុលោមភាពខ្ពស់ និងការការពារសន្តិសុខជាតិ ដែលស័ក្តិសមសម្រាប់កិច្ចសន្យារដ្ឋាភិបាល យោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទោះជាត្រូវចំណាយដើមទុនខ្ពស់ជាងក៏ដោយ។
២៖ ទីផ្សារដឹកនាំដោយចិន៖ ផ្តោតលើផលិតកម្មបរិមាណច្រើន តម្លៃសមរម្យ ដែលបន្តគ្របដណ្តប់លើទីផ្សារពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ទូទៅនៅក្រៅសហរដ្ឋអាមេរិក (ដូចជា អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន)។

គួរជម្រាបថា វិធានការរបស់អាមេរិកអាចនឹងជួយការពារទីផ្សារក្នុងស្រុក និងជួយជំរុញឧស្សាហកម្មការពារជាតិរបស់ខ្លួន ប៉ុន្តែមិនអាចបញ្ឈប់ការរីកចម្រើននៃបច្ចេកវិទ្យារ៉ូបូតរបស់ចិននៅលើឆាកអន្តរជាតិបានឡើយ ដរាបណាអាមេរិក និងសម្ព័ន្ធមិត្តមិនទាន់អាចបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ផ្ទាល់ខ្លួនដែលមានតម្លៃប្រកួតប្រជែងបាន៕