(គែរ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាប្រឆាំងជំទាស់នឹងការជ្រៀតជ្រែកពីខាងក្រៅ ហើយពិចារណាលើការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់សន្តិសុខក្នុងតំបន់ អំឡុងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៉ីប កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ខណៈប៉េកាំងកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងបរិបទនៃសង្រ្គាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ស៊ី ជីនពីង ទៅកាន់មជ្ឈិមបូព៌ាក្នុងរយៈពេល៤ឆ្នាំ ធ្វើឡើងចំពេលប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិកក្នុងតំបន់ចាប់ផ្ដើមវាយតម្លៃឡើងវិញពីទំនាក់ទំនងយុទ្ធសាស្ត្ររបស់ពួកគេ ក្រោយសង្រ្គាមអ៉ីរ៉ង់ដែលផ្ទុះឡើងកាលពីខែកុម្ភៈបាន និងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចនៃបណ្ដាប្រទេសក្នុងតំបន់ រួមទាំងបង្កឱ្យមានការសង្ស័យចំពោះតួនាទីរយៈពេលវែងរបស់សហរដ្ឋអាមេរិក។
អេហ្ស៉ីបខ្លួនឯងជាដៃគូយោធាដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកដែលទទួលជំនួយយោធា ១,៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំពីវ៉ាស៊ីនតោន ក៏កំពុងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធាជាមួយចិនផងដែរក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាមួយការទទួលស្វាគមន៍ពីប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi ក្នុងទីក្រុងគែរ លោក ស៊ី ជីនពីង បាននិយាយថាបណ្ដាប្រទេសក្នុងតំបន់គួរតែជាអ្នកគ្រប់គ្រងលើជោគវាសនារបស់ខ្លួនឯង ហើយស្វែងរកនិម្មាបនកម្មសន្តិសុខតំបន់ថ្មីមួយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។
លោក ស៊ី ជីនពីង ក៏បានលើកឡើងដែរថាចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយបណ្ដាប្រទេសក្នុងតំបន់ ក្នុងការការពារផ្លូវទឹកសម្រាប់ការដឹកជញ្ជូន ជាបញ្ហាមួយដ៏ធំមួយដែលបានផ្ទុះឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ជាហេតុបង្កការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz និង Bab al-Mandeb។
គួរបញ្ជាក់ថា បើតាម Xinhua មេដឹកនាំនៃប្រទេសទាំង២ បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការប្រយុទ្ធប្រឆាំងភេរវកម្មឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ data centers semiconductors ការផ្គត់ផ្គង់រ៉ែសំខាន់ៗ និងពង្រឹងការប្រើប្រាស់រូបិយបណ្ណរបស់ប្រទេសទាំង២ នៅក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ៕



























