លោក ហាក់ ម៉ុងហួត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៨០ ម៉ែត្រ នៅឃុំអណ្តូងពោធិ៍

​(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក បានអញ្ជើញជាអធិបតីភាពយ៉ាងខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ដែលមានប្រវែង ២៨០ ម៉ែត្រ ស្ថិតនៅក្នុងភូមិវាលតូច ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

​នៅក្នុងឱកាសនោះ លោកអភិបាលស្រុកបានពាំនាំនូវការនឹក រលឹក និងមតិផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

​ជាមួយគ្នានេះដែរ លោកអភិបាលស្រុកក៏បានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះប្រជាពលរដ្ឋ ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត គឺផ្លូវបេតុងអាមេមួយខ្សែនេះ ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ និងជាកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដែលបានទម្លាក់មកថ្នាក់ឃុំ ដើម្បីធ្វើការអភិវឌ្ឍន៍ និងឆ្លើយតបទៅនឹងតម្រូវការ ព្រមទាំងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

​ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានគូសបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នាថែរក្សាការពារផ្លូវនេះឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង។

​បន្ថែមពីនេះ លោកអភិបាលស្រុកក៏បានធ្វើការណែនាំ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ដែលកំពុងតែរាលដាលនៅក្នុងរដូវភ្លៀងធ្លាក់នេះ។ ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យថាមានអាការៈជំងឺ សូមប្រញាប់អញ្ជើញទៅពិគ្រោះ និងព្យាបាលនៅមណ្ឌលសុខភាពដែលនៅជិតបំផុត ឬជួបជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។ លោកក៏បានលើកឡើងអំពី «ប័ណ្ណសមធម៌» ដោយបានពន្យល់អំពីអត្ថប្រយោជន៍យ៉ាងច្រើននៃប័ណ្ណនេះ នៅពេលដែលប្រជាពលរដ្ឋយកទៅប្រើប្រាស់សម្រាប់ការពិនិត្យ និងព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព គ្លីនិក ឬមន្ទីរពេទ្យរដ្ឋផងដែរ។

​ជាចុងក្រោយ លោក ហាក់ ម៉េងហួត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការគ្នាយ៉ាងល្អប្រសើរ ក្នុងស្មារតីសាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍ភូមិ-ឃុំឱ្យមានការរីកចម្រើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃនេះ។ អត្ថបទ រដ្ឋបាលស្រុកតាំងគោក ពិនិត្យដោយលោក ធូ កែវមុន្នី