សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ជូនវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ឆុន វីរៈ ប្រធានសាខាសមាគម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ឯកឧត្តម ឌីម សុខុន  អគ្គលេខាធិការ និង លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់ បានដឹកនាំប្រតិភូអមដំណើរ រួមមានថ្នាក់ដឹកនាំ ប្រធានផ្នែក ប្រធានគម្រោង ក្រុមការងារព័ត៌មាន ព្រមទាំងសមាជិក-សមាជិកាយ៉ាងច្រើនកុះករ ចុះបេសកកម្មមនុស្សធម៌ដោយផ្ទាល់ ដើម្បីនាំនូវគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនដល់ដៃវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីយ៉ាងប្រុងប្រយ័ត្ន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ប្រតិភូជាន់ខ្ពស់ និងសមាជិកដែលបានអញ្ជើញចូលរួមក្នុងបេសកកម្មនេះ រួមមាន៖ លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់សមាគម, លោក ឆុន វីរៈប្រធានសាខាសមាគម, លោក ហោ តូ ទីប្រឹក្សាសមាគម, លោក ប៉ូវ ជីណៃ  ប្រធានផ្នែក, លោក សុខ ថៃ ប្រធានគម្រោង, លោក សុខ ផល អនុប្រធានគម្រោង, លោក ជួង សុវណ្ណអាង ទីប្រឹក្សា និងផ្នែកព័ត៌មាន, លោក វ៉ិត រិទ្ធ ចាងហ្វាងសារព័ត៌មាន «ម្សិលមិញ ថ្ងៃនេះ», លោក ទួង តុកផេង ប្រធានសាខាក្រុងប៉ោយប៉ែត, លោក លឹម ខេង អ្នកសារព័ត៌មាន, លោក ហែម វណ្ណា ចាងហ្វាង HVNN, លោក ព្រម្ម វិសាល ចាងហ្វាង រស្មីសៀមរាប, ព្រះសង្ឃព្រះនាម ហង្ស ថៃយុទ្ធ គង់នៅវត្តអណ្ដូងថ្មមាសព្រមទាំងសមាជិក-សមាជិកាជាច្រើនរូបទៀត រួមមាន៖ លោក អ៊ុក សាខន, លោក វ៉ាយ ង៉ែត, លោក លឹម វុទ្ធី, អ្នកស្រី គីម សោភ័ណ្ឌ, អ្នកស្រី ផា ស្រីឡែន, អ្នកស្រី ឡេង សុខសាន្ត, អ្នកស្រី ផាន់ ស្រី, អ្នកស្រី ផិន គ្រី, និងអ្នកស្រី
ស៊ីម ពៅ។

អំណោយមនុស្សធម៌ដែលបាននាំយកទៅឧបត្ថម្ភជូននាឱកាសនោះ រួមមាន៖
ថវិកា៖ចំនួន ៥៥០ ដុល្លារអាមេរិក (550$)
គ្រឿងឧបភោគបរិភោគរួមមាន៖ ទឹកសុទ្ធ ៣០០ យូរ, ទឹកសុទ្ធ ៦០ កេះ, ទឹកស៊ីអ៊ីវ ២ យូរ, ទឹកត្រី ២ យូរ, ស្ករស ១០ ថង់ (ស្មើនឹង ១០ គីឡូក្រាម), ប៊ីចេង ២,៥ គីឡូក្រាម, ផ្លែស្រកានាគ ១៥ គីឡូក្រាម, បន្លែស្រស់គ្រប់មុខ ១០ ថង់, នំ ១ កេះ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត

សុខុមាលភាព៖ ច្រាសដុសធ្មេញ ១២ ប្រអប់
បន្ថែមពីលើការឧបត្ថម្ភដល់កងទ័ព សមាគមបានស្តែងចេញនូវទឹកចិត្តសប្បុរសធម៌យ៉ាងជ្រាលជ្រៅ ដោយបានចុះជួយឧបត្ថម្ភដល់ ស្ត្រីម្នាក់ដែលកំពុងប្រឈមនឹងជំងឺមហារីកយ៉ាងធ្ងន់ធ្ធរ នូវថវិកាចំនួន ៤៥ ម៉ឺនរៀល (450,000 រៀល) ព្រមទាំងអង្ករ ៥០ គីឡូក្រាម និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងគ្រាអាសន្ន។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ឆុន វីរៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល និងក្តីនឹកលឹកបំផុតពីសំណាក់ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទាំងអស់ ជូនចំពោះបងប្អូនកងទ័ពជួរមុខ។

លោកបានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្មារតីលះបង់ខ្ពស់ ភាពក្លាហាន និងកាយវិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់វីរកងទ័ព ដែលបាននិងកំពុងពលិកម្មកម្លាំងកាយចិត្ត ជម្នះគ្រប់ឧបសគ្គទាំងយប់ទាំងថ្ងៃ ដើម្បីឈរជើងការពារបូរណភាពទឹកដី សន្តិសុខតាមខ្សែបន្ទាត់ព្រំដែន និងភាពសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជាទាំងមូល។
លោក សុន វីរៈបានគូសបញ្ជាក់ថា៖
ទោះបីជាអំណោយទាំងនេះមានទំហំមិនធំធេងខ្លាំងក៏ពិតមែន  ប៉ុន្តែវាជាទឹកចិត្ត បេះដូងសន្តិភាព និងជាដើមទុនស្មារតីដ៏រឹងមាំចេញពីកុលបុត្រកុលធីតាសមរភូមិក្រោយ ដែលតែងតែនៅក្បែរ និងគាំទ្រយ៉ាងពេញទំហឹងជាមួយកងទ័ពជួរមុខជានិច្ច។

ជាការឆ្លើយតប ស្ថិតក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាពន់ពេក លោកប្រធាន តំណាងវីរកងទ័ពជួរមុខដែលកំពុងឈរជើងក្នុងតំបន់នោះ បានសម្តែងនូវក្តីរំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី , ឯកឧត្តមបណ្ឌិត ឌីម សុខុន និង លោក ហង្ស រ៉ាត់  ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទាំងអស់ ដែលបានយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនដល់ទីតាំងឈរជើងដោយផ្ទាល់។ លោកតំណាងកងទ័ពដដែលបានបញ្ជាក់ថា៖ ទឹកចិត្តដ៏ប្រពៃនេះ គឺជាកម្លាំងចិត្តដ៏មហាសាលដែលជួយជំរុញឱ្យបងប្អូនកងទ័ពកាន់តែមានស្មារតីមាំមួនក្នុងការបំពេញភារកិច្ចបម្រើជាតិ និងមាតុភូមិ។

ជាទីបញ្ចប់ តំណាងវីរកងទ័ព និង វីរៈកងទ័ពទាំងអស់ ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងជូនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមទាំងអស់ ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មមនុស្សធម៌ និងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕ អត្ថបទ ឆុន វីរៈ