អាមេរិក និងសម្ព័ន្ធមិត្ត ជំរុញឱ្យទីភ្នាក់ងារ IAEA ប្តឹងអ៉ីរ៉ង់ទៅក្រុមប្រឹក្សាសន្តិសុខ UN ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ

(វីយែន)៖ សហរដ្ឋអាមេរិក រួមជាមួយបណ្តាសម្ព័ន្ធមិត្តគឺ ព្រីតថេន បារាំង និងអាល្លឺម៉ង់ កំពុងជំរុញឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អនុម័តសេចក្តីសម្រេចមួយនៅសប្តាហ៍ក្រោយ ដើម្បីបញ្ជូនរឿងក្តីនុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មូលហេតុចម្បងដែលនាំឱ្យមានការដាក់សម្ពាធនេះ គឺដោយសារតែអ៉ីរ៉ង់មិនព្រមអនុញ្ញាតឱ្យក្រុមអធិការកិច្ចរបស់ IAEA ចូលទៅពិនិត្យមើលទីតាំងនុយក្លេអ៊ែរដែលរងការទម្លាក់គ្រាប់បែកកាលពីឆ្នាំមុន ដើម្បីផ្ទៀងផ្ទាត់បរិមាណសារធាតុអ៊ុយរ៉ាញ៉ូមដែលនៅសល់នោះឡើយ។ បច្ចុប្បន្ន អ៉ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់កម្រិត ៦០ភាគរយ ដែលជាកម្រិតខ្ពស់ខ្លាំង និងខ្វះតែបន្តិចទៀតប៉ុណ្ណោះ អាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរបាន។

ទីភ្នាក់ងារ IAEA ជឿជាក់ថា អ៉ីរ៉ង់នៅសល់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់នេះជាង ២០០គីឡូក្រាម ដែលកំពុងលាក់ទុកនៅក្នុងរូងក្រោមដីនៅទីក្រុង Isfahan និងរោងចក្រ Natanz។ ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់តែងតែអះអាងថា ខ្លួនចម្រាញ់អ៊ុយរ៉ាញ៉ូមសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ហើយគ្មានបំណងផលិតអាវុធនុយក្លេអ៊ែរនោះឡើយ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលរបស់ IAEA ធ្លាប់បានចេញសេចក្តីសម្រេចទាមទារឱ្យអ៉ីរ៉ង់បើកទ្វារឱ្យចូលត្រួតពិនិត្យចំនួនពីលើករួចមកហើយ ប៉ុន្តែអ៉ីរ៉ង់នៅតែបន្តបដិសេធ ដែលជំរុញឱ្យអាមេរិក និងសម្ព័ន្ធមិត្តសម្រេចចិត្តរុញរឿងនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីចាត់វិធានការជាអន្តរជាតិ៕