
(ភ្នំពេញ)៖ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក Igor Driesmans លោករដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និង បណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានរួមគ្នាបើកសម្ពោធកម្មវិធីប្រកួតប្រជែងកម្រិតតំបន់ផ្នែកបច្ចេកវិទ្យានិម្មិត VR សម្រាប់និស្សិត នៅ CADT។
ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងក្រោមគម្រោង “Sustainability Issues Multiverse for Building Participatory Learning Environments” (SIMPLE) ដែលសហការផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តគម្រោងដោយវិទ្យាស្ថានជាតិស្រាវជ្រាវបារាំងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (IRD) និង CADT។
កម្មវិធីប្រកួតប្រជែងនេះ លើកទឹកចិត្តដល់និស្សិតសាកលវិទ្យាល័យទាំងអស់នៅប្រទេសកម្ពុជានិងតំបន់អាស៊ាន ឱ្យចូលរួមទាញយកផលប្រយោជន៍ពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ។

ជាជាងការចាត់ទុកបច្ចេកវិទ្យានិម្មិត VR ជាឧបករណ៍ជំនួយផ្នែករូបភាពតែមួយមុខ កម្មវិធីប្រកួតប្រជែងនេះផ្សារភ្ជាប់ការបណ្តុះបណ្តាលជំនាញឌីជីថលកម្រិតខ្ពស់ទៅនឹងសកម្មភាពការពារបរិស្ថាន ដែលអនុញ្ញាតឱ្យនិស្សិតបំប្លែងទិន្នន័យពាក់ព័ន្ធនឹងបរិស្ថានដែលមានភាពស្មុគស្មាញ ឱ្យទៅជាសេណារីយូបែបវិទ្យាសាស្ត្រដែលមានសកម្មភាពអន្តរកម្មនៅក្នុងពិភពនិម្មិត (virtual world) ដែលជំរុញការគិតគូរអំពីបញ្ហាប្រឈមជាក់ស្ដែងពាក់ព័ន្ធនឹងចីរភាពនៅក្នុងតំបន់។
គំនិតផ្តួចផ្តើមនេះគាំទ្រដោយផ្ទាល់លើយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលផ្ដល់អាទិភាពលើការអប់រំកម្រិតឧត្តមសិក្សា បរិវត្តកម្មឌីជីថល និងអន្តរកាលបៃតង។
ក្នុងពិធីនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្ពុជាប្តេជ្ញាចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ តាមរយៈការគាំទ្រពីដៃគូអឺរ៉ុប យុវជនរបស់យើងនឹងដើរឈានមុខគេលើការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នេះ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង ដែលជាការចូលរួមចំណែកដល់របៀបវារៈនៃការធ្វើបរិវត្តកម្មឌីជីថលថ្នាក់ជាតិ។

ជាមួយគ្នានេះដែរ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថាតាមរយៈយុទ្ធសាស្ត្រ Global Gateway សហភាពអឺរ៉ុបប្តេជ្ញាចិត្តក្នុងពង្រឹងការអប់រំនិងបណ្ដុះបណ្ដាលជំនាញ។ ការបើកសម្ពោធកម្មវិធីនាថ្ងៃនេះ ជាការត្រួសត្រាយផ្លូវឱ្យនិស្សិតអាចប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ ក្នុងការដោះស្រាយបញ្ហាធំៗនៅក្នុងសកលលោក ដូចជាការប្រែប្រួលអាកាសធាតុជាដើម។
បន្ថែមលើនេះ លោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបន្ថែមថា ក្រុមការងាររបស់ប្រទេសបារាំង និងវិទ្យាស្ថាន IRD មានមោទនភាពក្នុងការជួយគាំទ្រនិស្សិតពី CADT ក្នុងការពង្រឹងសមត្ថភាពលើជំនាញបច្ចេកវិទ្យាឌីជីថលឈានមុខ។ ការជំរុញធនធានមនុស្សក្នុងស្រុកលើផ្នែកបច្ចេកវិទ្យានិម្មិត VR បង្កើតតម្លៃរយៈពេលវែងសម្រាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា។
បន្ទាប់ពីការដាក់តាំងបង្ហាញបច្ចេកវិទ្យានិម្មិត VR និងទស្សនកិច្ចនៅក្នុងបរិវេណសាលា អ្នករៀបចំកម្មវិធីបានបើកសម្ពោធកម្មវិធីប្រកួតប្រជែងជាផ្លូវការ ដោយផ្តល់ជូននិស្សិតនូវសេចក្តីណែនាំលម្អិតនិងជំហានបន្ទាប់ផងដែរ៕































