លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារូបលោកបានបញ្ជូន បេកសជនពិសេស លោក Jared Kushner និងលោក Steve Witkoff ទៅកាន់ទីក្រុងមូស្គូ និងទីក្រុងកៀវ ដោយនាំយកទៅជាមួយនូវផែនការដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេល ៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។​

វានឹងក្លាយជាលើកដំបូងបំផុតដែលកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Kushner និងបេសកជនពិសេសអាមេរិក លោក Witkoff ត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចកាលពីឆ្នាំមុនជាមួយការសន្យាថានឹងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ទាំងលោក Kushner និងលោក Witkoff កន្លងមកបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូប៉ុណ្ណោះ ជាហេតុនាំឱ្យមានការចោទប្រកាន់ថាសហរដ្ឋអាមេរិកលម្អៀងទៅខាងរុស្ស៉ីនៅក្នុងកិច្ចចរចា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ថា «ពួកគេកំពុងនាំយកទៅជាមួយនូវសំណើមួយដើម្បីបិទបញ្ចប់សង្រ្គាម»។ លោក ត្រាំ មិនបានបង្ហើបឱ្យដឹងថាតើផែនការនោះមានភ្ជាប់លក្ខខណ្ឌតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដីឱ្យរុស្ស៉ី ដូចដែលលោកធ្លាប់បានលើកឡើង នាពេលកន្លងមកដែរឬក៏យ៉ាងណានោះទេ? ដោយគ្រាន់តែនិយាយថា «យើងមានគំនិតល្អមួយដើម្បីសន្តិភាព»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានបន្ទោសថាសង្រ្គាមដែលផ្ទុះឡើងក្រោយរុស្ស៉ីលើកទ័ពលុកលុយអ៊ុយក្រែនកាលពីឆ្នាំ២០២២ គឺផ្ដើមចេញពីជម្លោះផ្ទាល់ខ្លួនរវាងលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ លោកថែមទាំងសន្យាទៀតផងថានឹងបិទបញ្ចប់សង្រ្គាមនេះក្នុងរយៈពេល២៤ម៉ោង ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២។ ប៉ុន្តែមកទល់នឹងពេលនេះសង្រ្គាមអ៊ុយក្រែននៅមិនទាន់មានពន្លឺ ឆ្ពោះទៅរកទីបញ្ចប់នៅឡើយទេ៕