កម្ពុជារំពឹងទាក់ទាញក្រុមហ៊ុនបារាំងប្រមាណ ៤០០ មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

(ភ្នំពេញ)៖ កម្ពុជាបានបង្ហាញពីក្ដីរំពឹងខ្ពស់ថា នឹងទាក់ទាញក្រុមហ៊ុនបារាំងប្រមាណ ៤០០ វេទិកាធុរកិច្ចកម្ពុជា-បារាំង ហើយក្នុងនោះនឹងមានក្រុមហ៊ុនដែលចាប់អា​រម្មណ៍មកសិក្សា និងវិនិយោគលើវិស័យអាទិភាពមួយចំនួន រួមមានថាមពល សុខាភិបាល និងកែច្នៃកសិកម្ម តាមរយៈការរៀបចំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-processing) ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។ ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្នៃប្រឌិតថ្មី (innovation) លើទំនិញ និងមធ្យោបាយធ្វើពាណិជ្ជកម្មសេវាកម្ម ព្រមទាំងការសិក្សាស្រាវជ្រាវលើវិស័យថាមពលកកើតឡើងវិញ (renewable energy) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

លោក ប៉ែន សុវិជាតិ បានបន្ថែមថា ដោយសារតម្រូវការក្នុងវិស័យសុខាភិបាល កម្ពុជាក៏រំពឹងចង់បានក្រុមហ៊ុនផលិតឱសថ (pharmaceutical product) មកវិនិយោគផងដែរ។ ជាមួយគ្នានេះ វិស័យអប់រំ និងទេសចរណ៍ ជាពិសេសទេសចរណ៍ធម្មជាតិ (eco-tourism) ក៏ជាវិស័យដែលកម្ពុជារំពឹងទាក់ទាញការវិនិយោគពីក្រុមហ៊ុនបារាំងផងដែរ។ បច្ចុប្បន្ន សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) មានសមាជិកចំនួន ២៧០ ក្រុមហ៊ុនរួចទៅហើយ។

ការរៀបចំវេទិកាធុរកិច្ចនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសហការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ វេទិកានេះនឹងដើរតួជាវេទិកាដ៏សំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ។ ​

លោក Julien Bert អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) បានលើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុន ឬសហគ្រិនប្រមាណជាង ៣៥០ ដែលមានទំនាក់ទំនងជាមួយសកម្មភាពបារាំង កំពុងប្រតិបត្តិការនៅកម្ពុជា រួមជាមួយនឹងការវិនិយោគពីប្រទេសបារាំងជាង ៧០០ លានដុល្លារ។ លើសពីនេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសបារាំងប្រមាណ ១.៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំស្រាប់។

ទោះជាយ៉ាងណា វេទិកានេះនឹងមិនត្រឹមតែផ្តោតលើក្រុមហ៊ុនធំៗប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទាក់ទាញសហគ្រិនខ្នាតតូចផងដែរ។

វេទិកានេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចម្រុះនៃវិស័យផ្សេងៗគ្នា រួមមាន កសិកម្ម សុខាភិបាល ការដឹកជញ្ជូន ហិរញ្ញវត្ថុ និងវិស័យជាច្រើនទៀត។ គោលគំនិតសំខាន់គឺដើម្បីធានាថា អ្នកចូលរួមគ្រប់រូប មិនថាពួកគេមកពីវិស័យណាក៏ដោយ អាចស្វែងរកឱកាស និងផលប្រយោជន៍ជាក់ស្តែង៕