
(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូតំណាងស្ថាប័នអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) នៃប្រទេស អូស្ត្រាលី ដឹកនាំដោយលោក Jianming CHEN, នាយកប្រតិបត្តិនៃវិទ្យាស្ថាន Construction Training Australia (CTA) of Australian National Institute of Business and Technology (ANIBT) និងលោក ឈុន ឡេង ស្ថាបនិក និងអគ្គនាយក នៃវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា (e-School Cambodia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា។
នៅក្នុងជំនួបនោះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដៃគូរវាង e-School Cambodia និងស្ថាប័នអប់រំអូស្ត្រាលី ក្នុងការនាំយកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្តង់ដារអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ដែលជាការរួមចំណែកដល់ការអប់រំបំពាក់បំប៉នសិស្សនិស្សិតកម្ពុជានូវមុខជំនាញ និងការអនុវត្តផ្ទាល់ ជាពិសេសការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
នៅក្នុងទិសដៅនេះ លោកបានគូសបញ្ជាក់ថារាជរដ្ឋាភិបាល បានផ្តួចផ្តើមឱ្យមានកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន ១.៥ លាននាក់សំដៅលើកកម្ពស់សមត្ថភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយផ្តល់ជូននូវការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ដូចនេះកម្មវិធីដែលស្ថាប័នអប់រំអូស្ត្រាលី សហការជាមួយ e-School Cambodia មានលក្ខណៈស្របគ្នានឹងកម្មវិធីរបស់រាជរដ្ឋាភិបាលជាពិសេស យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។
ជាមួយគ្នានេះ លោកប្រធានស្តីទីព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលអូស្រ្តាលី ក្នុងការកសាង ការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ។
ជាការឆ្លើយតប លោក Jianming CHEN បានថ្លែងអំណរគុណចំពោះ លោកប្រធានស្តីទី ព្រឹទ្ធសភា ដែលបានផ្តល់ឱកាស និងពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបនេះ។
លោក Jianming CHEN បានជម្រាបជូនពីការនាំយកស្តង់ដារបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់អូស្ត្រាលីមកកាន់កម្ពុជា លើជំនាញសំខាន់ៗរួមមាន ជំនាញថែទាំមនុស្សចាស់ បដិសណ្ឋារកិច្ច ពាណិជ្ជកម្ម និងការសាងសង់ ជាដើម។
លោក CHEN បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា វិទ្យាស្ថានរបស់លោក នឹងនាំមកកម្ពុជានូវការអនុវត្តជាក់ស្តែងដ៏ល្អ ព្រមទាំងគោលនយោបាយ និងស្តង់ដានៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងនៅក្នុងសាលារៀន ហើយសង្ឃឹមថានឹងផ្សព្វផ្សាយទៅកាន់សាធារណជនទូទៅផងដែរ ជាពិសេសគឺការបណ្តុះបណ្តាលជំនាញគ្រឹះទាំងនោះដល់យុវជននៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ តំណាង e-School Cambodia ក៏បានជម្រាបជូនអំពីលទ្ធផល និងទិសដៅការងារសំខាន់ ស្តីពីការ បណ្តុះបណ្តាលជំនាញ និងការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនៅរាជធានីភ្នំពេញ និងខេត្តគោលដៅ និងការផ្តល់អាហារូបករណ៍ពិសេសជូនព្រឹទ្ធសភា ដើម្បីបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងសម្របសម្រួលស្វែងរកការងារធ្វើជូននិស្សិតនៅក្នុងអូស្ត្រាលីផងដែរ។
ទីបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ពីការគាំទ្រចំពោះគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះ និងបន្តខិតខំអនុវត្ត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់បំផុតនៃការអនុវត្តគម្រោង ដើម្បីជាប្រយោជន៍ពិតប្រាកដដល់សិស្ស-និស្សិត មន្ត្រីរាជការ និងសម្រាប់អនាគតប្រទេសជាតិ៕






























