ពិធីជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សខេត្តកំពង់ធំ ជ័យលាភីនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦

(កំពង់ធំ)៖ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សខេត្តកំពង់ធំ ជ័យលាភីនិទ្ទេស A ចំនួន ៥២នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នាសម័យប្រឡើងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការទទួលបានជ័យលាភីនិទ្ទេស A នាពេលនេះ គឺជាសមិទ្ធផលដ៏ថ្លៃថ្លា និងគួរឱ្យមោទនភាព ដែលកើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងការគាំទ្រលើកទឹកចិត្តពីឪពុកម្តាយ អាណាព្យាបាល និងសង្គមទាំងមូល។ ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពរបស់សាលារៀន និងខេត្តផងដែរ។

ឯកឧត្តមបន្តថា ការសិក្សារៀនជំនាញ មិនត្រឹមតែផ្តល់ចំណេះដឹងសម្រាប់ប្រកបអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរៀនសូត្រមេរៀនជីវិត ដែលជួយឱ្យយើងចេះគិត ចេះដោះស្រាយបញ្ហា មានការទទួលខុសត្រូវ អត់ធ្មត់ និងមានសមត្ថភាពប្រឈមមុខនឹងបញ្ហាប្រឈមនានា។ ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបាន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់កសាងអនាគត និងរួមចំណែកអភិវឌ្ឍគ្រួសារ សង្គម និងប្រទេសជាតិ។

ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សជ័យលាភី និទ្ទេស A ទាំង ៥២នាក់ ទទួលបានប័ណ្ណសរសើរ និងថវិកា ៤០ ម៉ឺនរៀលក្នុងម្នាក់ៗ ។
(អត្ថបទលោក ឆេង មួន)