(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅតែទទូចដដែលថារូបលោកផ្ទាល់ជឿថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនវាយប្រហារលើ NATO នោះទេ បើទោះជាអាល្លឺម៉ង់នៅក្នុងសប្ដាហ៍នេះបានចោទប្រកាន់រុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូនលើអាកាសយានដ្ឋានមួយរបស់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងជាការឆ្លើយតបទៅនឹងការសាកសួរពីអ្នកសារព័ត៌មានម្នាក់ជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូនបំពាក់គ្រឿងផ្ទុះលើអាកាសយានដ្ឋាន Leipzig របស់អាល្លឺម៉ង់ គួរតែត្រូវបានចាត់ទុកថាជាការវាយប្រហារមួយលើទឹកដី NATO ឬក៏យ៉ាងណា? ជាការឆ្លើយតប លោក ត្រាំ បាននិយាយថារូបលោកមិនជឿនោះទេថា លោក ពូទីននឹងវាយប្រហារលើ NATO។ «ខ្ញុំបានជជែកជាមួយគាត់ (លោក ពូទីន)។ ខ្ញុំស្គាល់គាត់ច្បាស់ណាស់។ លោក ពូទីនមិនមានផែនការវាយប្រហារលើទឹកដី NATO នោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅនេះ អាល្លឺម៉ង់បានចោទប្រកាន់រុស្ស៉ីថាជាអ្នកនៅពីក្រោយការប៉ុនប៉ងវាយប្រហារដោយដ្រូនលើអាកាសយានដ្ឋាន Leipzig កាលពីថ្ងៃទី៤ ខែសីហាកន្លងទៅ ហើយជាការឆ្លើយតប ទីក្រុងបែរឡាំងបានសម្រេចចិត្តបិទស្ថានកុងស៊ុលរុស្ស៉ីក្នុងទីក្រុង Bonn។ ប៉ុន្តែរុស្ស៉ីបានទាត់ចោលការចោទប្រកាន់នេះ ហើយថារដ្ឋាភិបាលអាល្លឺម៉ង់កំពុងព្យាយាមបង្វែរស្ថានការណ៍ពីបញ្ហាក្នុងស្រុកខ្លួនឯងតែប៉ុណ្ណោះ៕






























