
(បេរូត)៖ ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងនៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថាការវាយប្រហាររបស់អ៉ីស្រាអែលលើភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និង២៣នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងបានបញ្ជាក់ទៀតថាការវាយប្រហាររបស់អ៉ីស្រាអែលបានកើតឡើងនៅទីតាំងចំនួន៥ ក្នុងតំបន់ Tyr និង Nabatieh ស្ថិតនៅភាគខាងត្បូង រួមទាំងតំបន់ Bekaa ស្ថិតនៅភាគខាងកើតលីបង់។ ការវាយប្រហាររបស់អ៉ីស្រាអែលកើតមានឡើង បើទោះជាមានបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ក៏ដោយ។
គួរបញ្ជាក់ថា អ៉ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសថាខ្លួនបានដណ្ដើមគ្រប់គ្រងតំបន់ភ្នំយុទ្ធសាស្ត្រ Ali al-Taher នៃភាគខាងត្បូងលីបង់ ហើយរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយថាយោធាអ៉ីស្រាអែលនឹងយកតំបន់នេះធ្វើជាតំបន់សន្តិសុខដើម្បីរារាំងកុំឱ្យក្រុមហេសបូឡាប្រមូលផ្ដុំកម្លាំងឡើងវិញ៕






























