
(ខេត្តកំពង់ធំ)៖ លោក យ៉េង យ៉ាន នាយរងសង្កាត់រដ្ឋបាលជលផលស្ទឹងសែន និងកម្លាំងសមត្ថកិច្ចជំនាញ បានចុះល្បាតការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន ២នាក់ កំពុងប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ដោយប្រមូលបានវត្ថុតាងម៉ូតូ២គ្រឿង និងឧបករណ៍ឆក់ត្រី ទុកជាបទល្មើស បន្ទាប់ពីជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣:១៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីលោក យ៉េង យ៉ាន នាយរងសង្កាត់រដ្ឋបាលជលផលស្ទឹងសែន និងកម្លាំងសមត្ថកិច្ចជំនាញ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះល្បាតតាមទីតាំងភូមិសាស្ត្រខាងលើ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន២នាក់ កំពុងធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍ឆក់ត្រី។ ភ្លាមៗនោះ ជនសង្ស័យនៅពេលឃើញវត្តមានសមត្ថកិច្ចជិតមកដល់ ក៏បានផ្តាច់ខ្លួនរត់គេច ដោយបន្សល់ទុកនូវម៉ូតូ ២គ្រឿង និងឧបករណ៍ឆក់ត្រី (ធុងអាគុយ និងដងឆក់) នៅនឹងកន្លែងកើតហេតុ ដើម្បីគេចវេះពីការឃាត់ខ្លួន។
លោក យ៉េង យ៉ាន នាយរងសង្កាត់រដ្ឋបាលជលផលស្ទឹងសែន និងកម្លាំងសមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងទាំងអស់យកទៅរក្សាទុកនៅបញ្ជាការដ្ឋាន/អធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី។ ជាមួយគ្នានេះ លោក យ៉េង យ៉ានកម្លាំងសមត្ថកិច្ចជំនាញ ក៏បានធ្វើការអំពាវនាវដល់ជនសង្ស័យទាំង២នាក់ ប្រសិនបើស្ដាយម៉ូតូ ធុងអាគុយ និងដងឆក់ សូមអញ្ជើញចូលខ្លួនមកបង្ហាញមុខនៅចំពោះមុខសមត្ថកិច្ចជំនាញ ដើម្បីបំពេញបែបបទកសាងសំណុំរឿង និងអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន៕ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី
































