ស្ត្រីចំណាស់នេប៉ាល់ម្នាក់ ត្រូវបានរកឃើញនៅរស់រានមានជីវិត ក្រោយគ្រួសារចាប់ផ្តើមធ្វើបុណ្យសពរយៈពេល ១១ថ្ងៃរួចទៅហើយ

(បេត្រាវ៉ាទី)៖ ដោយគិតថាស្ត្រីចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសនេប៉ាល់ ក្រុមគ្រួសាររបស់លោកស្រី Chandika Kumari Shrestha បានចាប់ផ្តើមរៀបចំពិធីកាន់ទុក្ខបុណ្យសព ប៉ុន្តែ ១០ថ្ងៃក្រោយមក ក្រុមអ្នកជួយសង្គ្រោះស្រាប់តែបានប្រទះឃើញរូបលោកស្រីនៅរស់រានមានជីវិតយ៉ាងអស្ចារ្យ នៅក្រោមគំនរបាក់បែកផ្ទះរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

មន្ត្រីប៉ូលិស លោក Mahendra Darnal បានរៀបរាប់ថា ផ្ទះកម្ពស់ ៤ជាន់របស់លោកស្រីត្រូវបានទឹកជំនន់ហូរកួច និងកប់ក្នុងភក់ល្បាប់យ៉ាងជ្រៅ។ ខណៈពេលដែលក្រុមកំពុងដើរពិនិត្យជុំវិញទីនោះ ពួកគេស្រាប់តែឮសំឡេងស្រែកសុំជំនួយថា «ជួយខ្ញុំផង»។ ភ្លាមៗនោះ ក្រុមអ្នកជួយសង្គ្រោះបានចំណាយពេល ៤៥នាទី ជីកកកាយទាញយកលោកស្រីចេញពីប្រហោងខ្យល់តូចមួយនៅក្រោមគំនរដី និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកងទ័ពជាបន្ទាន់។

លោក Darnal បានបញ្ជាក់ថា ក្រុមគ្រួសាររបស់លោកស្រីបានចាប់ផ្តើមរៀបចំពិធីបុណ្យកាន់ទុក្ខរយៈពេល ១១ថ្ងៃរួចទៅហើយ ដោយសារតែអស់សង្ឃឹម និងគិតថាលោកស្រីបានស្លាប់បាត់បង់ជីវិត។ ភូមិ Betrawati គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតមួយ ដែលផ្ទះសម្បែង និងផ្សារស្ទើរតែទាំងស្រុងត្រូវបានកប់លិចក្រោមភក់។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ដ៏មហន្តរាយនៅប្រទេសនេប៉ាល់កាលពីចុងខែសីហា បានសម្លាប់មនុស្សជាង ១,៣០០នាក់ និងបាត់ខ្លួនរាប់ពាន់នាក់ ខណៈក្រុមសង្គ្រោះនៅតែបន្តជីកកកាយរុករកជនរងគ្រោះយ៉ាងសស្រាក់សស្រាំ៕