ថ្ងៃនេះ ជាគម្រប់ខួប ៨ឆ្នាំនៃមរណភាពរបស់លោកវេជ្ជបណ្ឌិត បេអា រិចឈ្នឺរ – Beat Richner, លោកផ្តាំថា កុមារ ស្ត្រីមានផ្ទៃពោះគ្រប់ៗរូប ទោះមាន ឬក្រ មានសិទ្ធិទទួលបានការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើងឡើយ

(ភ្នំពេញ)៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាថ្ងៃនេះ ជាគម្រប់ខួប ៨ឆ្នាំ នៃមរណភាពរបស់លោកវេជ្ជបណ្ឌិត បេអា រិចឈ្នឺរ-Beat Richner (៩ កញ្ញា ២០១៨ – ៩ កញ្ញា ២០២៦) ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។

លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានផ្ដាំថា កុមារ, ស្ត្រីមានផ្ទៃពោះ គ្រប់ៗរូប ទោះមាន ឬក្រ មានសិទ្ធិទទួលបាននូវការព្យាបាល ដោយការផ្តល់ជូនសេវាសុខាភិបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើងឡើយ។

ជំនួសមុខឱ្យអាណាព្យាបាលកុមារ និងទារកទាំងអស់នៅកម្ពុជា មូលនិធិគន្ធបុប្ផាកម្ពុជា សូមបួងសួងឱ្យវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត បានស្ថិតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ពលរដ្ឋកម្ពុជាចងចាំជារៀងរហូតនូវស្នាដៃលោកវេជ្ជបណ្ឌិត ដែលបានបន្សល់ទុកដល់កុមារ និងពលរដ្ឋកម្ពុជា។

ទិន្នន័យពី Fresh AI បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានចាប់កំណើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ ក្នុងទីក្រុងហ្សួរិច ប្រទេសស្វីស។ លោកបានទទួលសញ្ញាបត្រវេជ្ជសាស្ត្រនៅឆ្នាំ១៩៧៣ ហើយបានបម្រើការជាវេជ្ជបណ្ឌិតឯកទេសថែទាំកុមារនៅមន្ទីរពេទ្យ Zurich Children’s Hospital។

លោកបានមកដល់ប្រទេសកម្ពុជាដំបូងបង្អស់នៅចន្លោះឆ្នាំ១៩៧៤-១៩៧៥ ក្នុងបេសកកម្មកាកបាទក្រហមស្វីស ដើម្បីបម្រើការនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មុនពេលដែលលោកត្រូវបានបង្ខំចិត្តវិលត្រឡប់ទៅស្វីសវិញ ដោយសាររបបខ្មែរក្រហមកាន់កាប់អំណាច។ នៅខែធ្នូ ឆ្នាំ១៩៩១ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំឱ្យលោកជួយជួសជុលមន្ទីរពេទ្យគន្ធបុប្ផាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។ លោកបានទទួលសំណើនេះ ហើយនៅឆ្នាំ១៩៩២ លោកបានបង្កើតមូលនិធិគន្ធបុប្ផាដែលមានមូលដ្ឋាននៅទីក្រុងហ្សួរិច ប្រទេសស្វីស និងបានចាប់ផ្តើមជួសជុល និងដាក់ឱ្យដំណើរការមន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ។

លោកវេជ្ជបណ្ឌិត Richner ត្រូវបានគេស្គាល់ថាជា Dr. Beat Beatocello Richner ដោយសារលោកបានប្រើប្រាស់ឧបករណ៍សេឡូជាមធ្យោបាយក្នុងការស្វែងរកថវិកាជួយដល់កុមារកម្ពុជា។ លោកបានកសាងមន្ទីរពេទ្យគន្ធបុប្ផាពី ៥០-៦០គ្រែ រហូតដល់ជាង ២០០០គ្រែ និងមានបុគ្គលិកជាង ២៥០០នាក់។ មន្ទីរពេទ្យគន្ធបុប្ផាមាន ៥សាខានៅកម្ពុជា ដែលផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារ ដោយឈរលើគោលការណ៍ មើលជំងឺដោយមិនបង់ប្រាក់ មើលជំងឺប្រកបដោយគុណភាព និងមិនពុករលួយ។ គិតត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាអស់ជាង ៥០០លានដុល្លារ ដើម្បីព្យាបាលកុមារចំនួន ១៦លាននាក់។

លោកវេជ្ជបណ្ឌិត Beat Richner បានប្រកាសលាលែងពីតំណែងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផាក្នុងអំឡុងឆ្នាំ២០១៧ បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយបានវិលត្រឡប់ទៅប្រទេសស្វីសវិញ។ លោកបានទទួលមរណភាពនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នាទីក្រុងហ្សួរិច ប្រទេសស្វីស ក្នុងជន្មាយុ ៧១ឆ្នាំ។ លោកត្រូវបានគេចាត់ទុកថាជា «ជនជាតិស្វីសទីមួយប្រចាំឆ្នាំ» និងជាអគ្គរដ្ឋទូតមនុស្សធម៌ដ៏ល្អលើសគេប្រចាំប្រទេសកម្ពុជា៕