អ៉ីរ៉ង់ សងសឹកដោយវាយប្រហារសម្ព័ន្ធរបស់អាមេរិក បន្ទាប់ពីនាវាដឹកប្រេងរបស់ខ្លួនរងការខូចខាត

(តេហេរ៉ង់)៖ ភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងកើនឡើងកាន់តែខ្លាំង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋាននៅយេម៉ែន បានបើកការវាយប្រហារលើទីក្រុងជាច្រើនរបស់អារ៉ាប៊ីសាអូឌីត ដែលជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់
ស្របពេលកងកម្លាំងអាមេរិក វាយប្រហារលើនាវាដឹកប្រេងរបស់អ៉ីរ៉ង់ជាច្រើនគ្រឿង ហើយអ៉ីរ៉ង់ក៏បានកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិកមួយកន្លែង នៅក្នុងប្រទេសហ្ស៊កដានី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦។

ក្រុមហ៊ូទី បានវាយប្រហារទីក្រុងចំនួន ៦នៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត ដែលបណ្តាលឱ្យមនុស្ស ៧៣នាក់រងរបួស បង្កការឆាបឆេះនៅរោងចក្រ ឬកន្លែងស្តុកប្រេង។ សកម្មភាពនេះហាក់ដូចជាបានធ្វើឱ្យសង្គ្រាមដែលអូសបន្លាយរយៈពេល ៦ខែមកហើយនោះ ឱ្យកាន់តែរីកធំធេងឡើង។

ដោយឡែក ទីបញ្ជាការដ្ឋានកណ្តាលកងទ័ពអាមេរិក ប្រកាសថាខ្លួនបានបំផ្លាញនាវាដឹកប្រេងឆៅអ៉ីរ៉ង់ ៥គ្រឿងកាលពីថ្ងៃអង្គារ ជាមួយការបង្ហាញវីដេអូនៃការវាយប្រហារទាំងនោះ។ សកម្មភាពនេះត្រូវបានអាមេរិកចាត់ទុក ជាការឆ្លើយតបទៅនឹងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC ដែលបានកំណត់គោលដៅលើនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ដោយប្រើប្រាស់មីស៉ីលផ្លោងពីរលើក ក្នុងរយៈពេល ២ថ្ងៃមុន។

បន្ទាប់មក អ៉ីរ៉ង់បានឆ្លើយតបវិញដោយបាញ់មីស៉ីលផ្លោងទៅមូលដ្ឋានទ័ពអាមេរិកមួយ ដែលស្ថិតនៅក្បែរតំបន់ Al Azraq ប្រទេសហ្ស៊កដានី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ IRGC រាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ក៏បានចេញផ្សាយវីដេអូដែលខ្លួនអះអាងថា ជាមីស៊ីលអ៉ីរ៉ង់ដែលត្រូវបានបាញ់សំដៅទៅកាន់ប្រទេសហ្ស៊កដានីផងដែរ។

ទោះជាអ៉ីរ៉ង់អះអាងថា មីស៉ីលបានបង្កការខូចខាតធ្ងន់ធ្ងរក៏ដោយ តែប្រទេសហ្ស៊កដានីបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់មីស៉ីលអ៉ីរ៉ង់បានចំនួន ១៨ក្នុងចំណោម ២០គ្រាប់ ដោយមាន ២គ្រាប់ធ្លាក់នៅតំបន់គ្មានមនុស្សរស់នៅ ហើយមិនមានករណីមានអ្នករងគ្រោះឡើយ៕