ប្រេងឆៅឡើងថ្លៃដល់ជិត ១០០ដុល្លារក្នុងមួយបារ៉ែល ចំពោះមុខការរាលដាលនៃសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា

(Reuters)៖ តម្លៃប្រេងបានហក់ឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៤ថ្ងៃជាប់ៗគ្នា ដោយកើនជាង ១ដុល្លារទៀត នៅដើមវគ្គជួញដូរថ្ងៃពុធ ទី៩ ខែកញ្ញានេះ ក្រោយអ៉ីរ៉ង់បើកការវាយប្រហារថ្មីមួយទៀត ទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសតំបន់ឈូងសមុទ្រ ខណៈដែលជម្លោះរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ រាលដាលពាសពេញតំបន់សារជាថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃ ៩៩,៤៩ដុល្លារក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate មានតម្លៃ ៩៤,៦៣ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅ Brent បានកើនឡើង១ភាគ៤ ចាប់តាំងពីដើមខែសីហាមក នៅពេលដែលក្តីសង្ឃឹមសម្រាប់ដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះសង្គ្រាមដែលមានរយៈពេល ៦ខែមកនេះ បានរលាយបាត់ ហើយការប្រយុទ្ធគ្នាផ្ទុះឡើងវិញ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ដែលមានមូលដ្ឋាននៅយេម៉ែន បានបើកការវាយប្រហារលើទីក្រុងជាច្រើនរបស់អារ៉ាប៊ីសាអូឌីត ដែលជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ ស្របពេលកងកម្លាំងអាមេរិក វាយប្រហារលើនាវាដឹកប្រេងរបស់អ៉ីរ៉ង់ជាច្រើនគ្រឿង ហើយអ៉ីរ៉ង់ក៏បានកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិកមួយកន្លែង នៅក្នុងប្រទេសហ្ស៊កដានី៕