(វ៉ាស៉ីនតោន)៖ នាថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ សេតវិមានបានបង្កើនជម្លោះពាណិជ្ជកម្មកាន់តែខ្លាំងជាមួយកាណាដា តាមរយៈការហាមឃាត់លើផលិតផលប៉ុន្មានប្រភេទ ហើយដំឡើងពន្ធលើមុខទំនិញមួយចំនួនបន្ថែមទៀតរបស់កាណាដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បម្រាមហាមឃាត់ការនាំចេញ ដែលកំណត់គោលដៅលើគ្រឿងស្រវឹងជាច្រើនមុខ រួមជាមួយផលិតផលធ្វើពីទឹកដោះ និងម៉ូតូ នឹងចូលជាធរមាននៅថ្ងៃទី២៩ ខែកញ្ញា ខណៈផលិតផលមួយចំនួនរបស់កាណាដា រួមមានចាប់តាំងពីពូក កាណូត យានជំនិះជិះវាយកូនហ្គោល រហូតដល់ក្រដាស គ្រឿងសង្ហារិម និងអំពូលភ្លើង ជាដើម នឹងត្រូវស្ថិតក្រោមការដាក់ពន្ធ៥០ភាគរយ ប៉ុន្តែមិនហាមឃាត់នាំចូលទាំងស្រុងឡើយ នៅថ្ងៃទី១៥ ខែកញ្ញា។
គួរបញ្ជាក់ថា ចំណាត់ការខាងលើរបស់អាមេរិក គឺបន្ទាប់ពីការដាក់ពន្ធគយសងសឹករបស់ទីក្រុងអូតាវ៉ាប្រឆាំងទំនិញអាមេរិក ទើបតែបានចូលជាធរមានកាលពីថ្ងៃអង្គារ ឆ្លើយតបពន្ធ៥០ភាគរយរបស់ទីក្រុងវ៉ាស៉ីនតោន លើទំនិញកាណាដាមានតម្លៃសរុប២០ពាន់លានដុល្លារ កាលពីខែសីហា ក្រោយកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ បានដួលរលំ។ តាមមន្រ្តីអាមេរិកមួយរូប ការគំរាមរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើរថយន្តរបស់កាណាដា ពី២៥ភាគរយ ដល់៥០ភាគរយ នាដើមឆ្នាំក្រោយ ក៏នៅដដែលផងដែរ៕





























