
(ភ្នំពេញ)៖ យោងតាមលទ្ធផលនៃការវាយតម្លៃសិស្សអន្តរជាតិ (Programme for International Student Assessment) (PISA) របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) វិស័យអប់រំនៅកម្ពុជាបានស្ដែងឱ្យឃើញនូវកម្រិតរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយពិន្ទុផ្នែកវិទ្យាសាស្ត្រ និងការអានបានកើនឡើងយ៉ាងខ្លាំងស្មើនឹងការបន្ថែមរយៈពេលសិក្សាជាង ២ឆ្នាំដល់សិស្សានុសិស្ស។ ការប្រែប្រួលជាវិជ្ជមាននេះត្រូវបានទទួលស្គាល់ថា ជាកំណើនលឿនបំផុតមួយ និងមិនធ្លាប់មាននៅលើឆាកអន្តរជាតិ។

ការវាយតម្លៃដូចនេះរបស់អង្គការ OECD បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយជាផ្លូវការ «របាយការណ៍នៃកម្មវិធីអន្តរជាតិស្ដីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA-2025) របស់ប្រទេសកម្ពុជា» ដែលបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ លោកស្រី ប្រធានអង្គភាព តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

លោកបណ្ឌិត Andreas Schleicher នាយកផ្នែកអប់រំ និងជំនាញនៅអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) បានថ្លែងដូចនេះថា សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលារៀនទាំងអស់នៅកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់ក្នុងការវាយតម្លៃ PISA របស់អង្គការ OECD ចុងក្រោយនេះ ដែលជាសមិទ្ធផលដ៏មានតម្លៃសម្រាប់ជាតិ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីឆាកអន្តរជាតិ។ ការវិនិយោគលើចំណេះដឹង និងសមត្ថភាពរបស់គរុសិស្ស-សិស្សានុសិស្សនៅថ្ងៃនេះ គឺជាការកសាងធនធានមនុស្ស និងជាគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់អនាគតប្រទេសជាតិ៕
































