
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ កម្លាំងល្បាត និងភ្នាក់ងារផ្តល់ព័ត៌មាន បានរាយការណ៍ថា មានក្រុមជនល្មើសមួយក្រុម បានលួចដឹកឈើប្រណិត នៅតំបន់ព្រះអាទិត្យ ឃុំមានរឹទ្ឋ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ក្រោយពេលទទួលបានពត៌មាននេះភ្លាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់តាំងកម្លាំងទៅបង្ក្រាបជាបន្ទាន់ តែត្រូវបែកការ ពួកជនល្មើសបានកាប់ទម្លាក់ឈើចេញពីគោយន្តកន្ត្រៃ ហើយបើករត់គេចខ្លួនបាត់ ដោយបានបន្សល់ទុក្ខឈើប្រណិត ចំនួន ៣៤ កំណាត់ នៅតំបន់ច្រក ព្រះអាទិត្យ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ជូនសមត្ថកិច្ចជំនាញ សង្កាត់រដ្ឋបាលព្រៃឈើទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយទទួលបានព័ត៌មាន ពីបណ្ដាញសំងាត់ថា មានគោយន្តកន្ត្រៃយ័ ប្រមាណពី ៤ ទៅ ៥ គ្រឿង បានដឹកជញ្ជូនឈើមូលប្រភេទឈើប្រណិត ឆ្លងកាត់តំបន់ច្រកព្រះអាទិត្យ ដើម្បីដឹកជញ្ជូនបន្តសម្រាប់ធ្វើអាជីវកម្ម ។ ក្រោយពេលទទួលបានពត៍មាននេះភ្លាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យកងកម្លាំងផ្នែកសឹករងសណ្តាន់ ទៅត្រួតពិនិត្យ និងបង្ក្រាបករណីនេះឲ្យទាន់ពេលវេលា ។ តែនៅមុនពេលទៅដល់គោលដៅ ក្រុមជនល្មើសបានកាប់ទម្លាក់ឈើចោលហើយបើកគោយន្តគេចខ្លួនបាត់ស្រមោល ។

នៅក្នុងឱកាសដឹកនាំកងកម្លំាងអន្តរាគមន៍ទៅត្រួតពិនិត្យការដឹកជញ្ជូនឈើខុសច្បាប់នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ត្រូវស្រាវជ្រាវវែករកមុខសញ្ញាជន ល្មើស ដែលបានលួចកាប់នឹងដឹកជញ្ជូនឈើប្រណិតនេះឲ្យឃើញ ព្រោះតាមការផ្ដល់ព័ត៌មានក្រៅផ្លូវការថា ក្រុមជនលួចកាប់និងដឹកជញ្ជូនឈើប្រណិតនេះ ធ្លាប់ឆក់ឱកាសលួចធ្វើសកម្មភាពបានជាបន្តបន្ទាប់នាពេលកន្លងមក និងនៅតែបន្តលបលួចធ្វើសកម្មភាពរហូតដល់បច្ចុប្បន្ននេះ ដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ។































