
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានបន្តចុះសាកសួរសុខទុក្ខកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រមទាំងត្រួតពិនិត្យស្ថានភាព និងទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលគ្រោងសាងសង់ថ្មីក្នុងគម្រោងឆ្នាំ២០២៧ ស្ថិតក្នុងភូមិសាស្ត្រស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល មានប្រសាសន៍ថា ដោយអនុវត្តតាមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកខិតខំប្រឹងប្រែងបំពេញភារកិច្ច សំដៅរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ លោកស្នងការ បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងកងកម្លាំង ដែលបានខិតខំរៀបចំ និងកែលម្អអង្គភាពឱ្យមានភាពស្រស់បំព្រង និងមានរបៀបរៀបរយ ក្រោមម្លប់នៃសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អ។ទន្ទឹមនឹងនេះ លោកស្នងការ បានដាក់ទិសដៅការងារសំខាន់ៗ សម្រាប់កងកម្លាំងយកទៅអនុវត្តបន្ត ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ដោយផ្តោតសំខាន់លើការពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា និងរបៀបរបបការងារជំនាញ ឱ្យអនុវត្តតាមតួនាទី ភារកិច្ច និងឋានានុក្រម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកស្នងការ ក៏បានណែនាំឱ្យរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តការងារជាប្រចាំថ្ងៃ រួមទាំងការរៀបចំវេនប្រចាំការ ដើម្បីត្រៀមផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមដានសភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កើនការល្បាតនៅតាមគោលដៅងាយរងគ្រោះក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយសហការជាមួយកម្លាំងប្រជាការពារ សំដៅបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ជាមួយនោះដែរ ត្រូវពង្រឹងរបៀបរបបកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក ដោះស្រាយបញ្ហាប្រឈម និងការងារដែលនៅសេសសល់ ព្រមទាំងលើកទិសដៅការងារថ្មីៗ ឆ្ពោះទៅសម្រេចបានជោគជ័យបន្ថែមទៀត។

លោកស្នងការ ក៏បានណែនាំឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ក្នុងការបង្កើនការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» តាមរយៈការរៀបចំវេទិកាសាធារណៈ និងផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិទាំង៧យ៉ាង
ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅតាមគោលដៅងាយរងគ្រោះ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងការផ្សព្វផ្សាយគោលនយោបាយនេះ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន
ឃុំ-សង្កាត់ រៀបចំធ្វើវេទិកាសាធារណៈ ដើម្បីទទួលយកមតិយោបល់ បញ្ហាប្រឈម និងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋ សំដៅស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
លោកស្នងការ បានថ្លែងពង្រឹងការគ្រប់គ្រងមនុស្ស មធ្យោបាយ អាវុធជាតិផ្ទុះ និងមុខរបរពិសេស ព្រមទាំងគ្រប់គ្រងវត្តមានជនបរទេសក្នុងមូលដ្ឋាន តាមរយ:លិខិតឆ្លងដែន ទិដ្ឋាការស្នាក់នៅ និងមុខរបរ។ ជាពិសេស ត្រូវពង្រឹងការអនុវត្តអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ។ លើសពីនេះ ត្រូវពង្រឹងការងារនគរបាល និងសហគមន៍ ដោយបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ-សង្កាត់ មេភូមិ និងប្រជាពលរដ្ឋ តាមរយៈការរៀបចំផែនការចុះជួប និងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៅតាមគោល
ដៅដែលបានកំណត់ជាប្រចាំ។ ចំពោះការផ្តល់សេវាសាធារណៈ លោកស្នងការ បានណែនាំឱ្យបង្កើនការផ្តល់សេវាជូនប្រជាពលរដ្ឋ រួមមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានរហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ត្រូវពង្រឹងចលនាប្រជាការពារនៅតាមឃុំនីមួយៗ និងបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមគ្នាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើស លោកស្នងការ បានណែនាំឱ្យពង្រឹងការដៅបទល្មើសលើផែនទីកញ្ចក់ ដោយប្រើប្រាស់ទិន្នន័យបទល្មើសដែលប្រមូលបានពីទម្រង់ទី១ ដើម្បីកំណត់ប្រភេទបទល្មើសជាអាទិភាព និងរៀបចំផែនការទប់ស្កាត់ បង្ការ និងលុបបំបាត់បទល្មើសដែលកើតមានក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានសង្កត់ធ្ងន់ថា ចំពោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវហាមដាច់ខាតការផ្ទេរកម្លាំងចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាល។ ចំណែកប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្វះកម្លាំង ត្រូវបញ្ចុះកម្លាំងពីអធិការដ្ឋាននគរបាលក្រុង-ស្រុក ទៅជួយបំពេញតាមរយៈពេល និងការកំណត់ជាក់ស្តែង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច និងរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរ។ អត្ថបទ ស្នងការនគរបាលខេត្តកំពង់ធំ

































