សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើលិខិតជូនពរឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសពិធីចម្រើនជន្មាយុ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើលិខិតជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ក្នុងឱកាសពិធីចម្រើនជន្មាយុ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម ខៀវ កាញារីទ្ធ មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរនៃពិធីចម្រើនជន្មាយុរបស់ឯកឧត្តម នៅថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ខ្ញុំ និង ភរិយាសូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាកក់ក្តៅ និងសូមជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូនឯកឧត្តម។

ខ្ញុំសូមសម្តែងនូវការកោតសរសើរ ដោយស្មោះចំពោះវីរភាពដ៏អង់អាចក្លាហាន និងការរួមចំណែក ដោយស្មោះស្ម័គ្ររបស់ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកន្លងមក ធ្វើឱ្យសង្គមជាតិមានការរីកចម្រើនឆាប់រហ័ស លើគ្រប់វិស័យ ជាពិសេសខាងផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។

ជាងនេះទៅទៀត ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម កន្លងមកបានចូលរួមជាវិភាគទានដ៏ធំធេង ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាការកសាងគ្រឹះយ៉ាង រឹងមាំក្នុងវិស័យព័ត៌មាន និងទំនាក់ទំនងសាធារណៈ ធ្វើឱ្យច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ត្រូវបានលើកកម្ពស់នៅកម្ពុជា។

នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមយាងបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕