(ម៉ានីល)៖ មនុស្សយ៉ាងហោច ៥នាក់បានស្លាប់ និង៨៧នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លើងបានឆាបឆេះនៅលើស្រឡាងមួយគ្រឿងនៅក្បែរតំបន់ទេសចរណ៍មួយស្ថិតនៅខេត្ត Palawan ប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាក់ពីឆ្មាំសមុទ្រហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ឆ្មាំសមុទ្រហ្វីលីពីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ថាអគ្គិភ័យបានឆាបឆេះនៅលើស្រឡាងឈ្មោះ M/V June Aster កាលពីល្ងាចថ្ងៃពុធម្សិលមិញ ស្ថិតនៅចម្ងាយប្រហែល ២,២គីឡូម៉ែត្រពីដីគោក។ ឆ្មាំសមុទ្រហ្វីលីពីនបន្ថែមថាមានមនុស្ស ៥នាក់បានស្លាប់ ហើយសាកសពរបស់ពួកគេត្រូវបានយកឡើងលើដីគោក និងមនុស្ស ៨៧នាក់នៅតែបន្តបាត់ខ្លួននៅឡើយ។ ចំណែក មនុស្ស ៣៨នាក់ និងអ្នកបម្រើការលើស្រឡាងនេះ៤នាក់ត្រូវបានជួយសង្រ្គោះ។
គួរបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានភ្លើងឆាបឆេះនៅស្រឡាងខាងលើនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយបើតាមទិន្នន័យពី អាជ្ញាធរហ្វីលីពីន ស្រឡាងឈ្មោះ June Aster បានធ្វើដំណើរចាកចេញពីរដ្ឋធានីម៉ានីល។ ស្រឡាងនេះត្រូវបានរាយការណ៍ថាមានផ្ទុកមនុស្ស ១៣៤នាក់ រាប់ទាំងអ្នកធ្វើការនៅលើស្រឡាង៕





























