(វ៉ាស៊ីនតោន)៖ យោធាអាមេរិក នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថាមនុស្ស ៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើទូកមួយ ក្នុងតំបន់សមុទ្រ Caribbean ដែលនេះជាការវាយប្រហារលើកចុងក្រោយបំផុតមួយដែលទីក្រុងវ៉ាស៊ីនតោនអះអាងថាកំណត់គោលដៅលើក្រុមភេរវករគ្រឿងញៀន បើទោះជាក្រុមអង្គការសិទ្ធិមនុស្សថ្កោលទោសថាវាជាការសម្លាប់មនុស្សខុសច្បាប់ នៅក្រៅប្រព័ន្ធតុលាការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ទីបញ្ជាការអាមេរិកភូមិភាគខាងត្បូង បាននិយាយថាយោធាអាមេរិកបានបើកការវាយប្រហារលើទូកល្បឿនលឿនមួយគ្រឿងដែលកំពុងធ្វើប្រតិបត្តិការ ក្នុងដែនទឹកដែលជាផ្លូវរត់ពន្ធគ្រឿងញៀននៅក្នុងតំបន់សមុទ្រ Caribbean។ តាមទីបញ្ជាការអាមេរិកភូមិភាគខាងត្បូង ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ថាទូក ខាងលើបានចូលរួមយ៉ាងសកម្មភាពក្នុងការរត់ពន្ធគ្រឿងញៀន តែមិនបានលម្អិតអ្វីទេដោយគ្រាន់តែឱ្យដឹងថាមានមនុស្ស ៣នាក់ត្រូវបានសម្លាប់។
គួរបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមបើកការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥។ ការវាយប្រហាររបស់យោធាអាមេរិក លើទូកសង្ស័យដឹកគ្រឿងញៀនចាប់តាំងពីពេលនោះទាំងនៅក្នុងតំបន់សមុទ្រ Caribbean និងប៉ាស៊ីហ្វិកភាគខាងកើត បានសម្លាប់មនុស្សជាង ២២០នាក់៕





























