
នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសដីឡូត៍ និងលំនៅឋានបណ្តោះអាសន្ន សម្រាប់ជូនជនភៀសសឹក មកពីក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅបរិវេណភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ក្រោមអធិបតីភាព លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោមានសមាសភាពចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោក គង់ គន្នារិទ្ធ អភិបាលរងខេត្ត បានលើកឡើងថា រដ្ឋបាលខេត្ត បានរៀបចំដីសម្បទានសង្គមកិច្ច និងក្រុងពាលីសាងសង់ផ្ទះចំនួន ២៥០ខ្នង (ជំហាន១) និងស្នើសុំបន្ថែមចំនួន ៥០៩ខ្នង (ជំហាន២) ដោយគិតចាប់ពីថ្ងៃក្រុងពាលីសាងសង់ (លើកទី១) មកដល់ពេលនេះ មានរយៈពេល ៦ខែ ២ថ្ងៃហើយ ដោយ សម្រេចបានចំនួន ៧៥៩ខ្នងផ្ទះ (រួចរាល់ ១០០%) ដែលផ្ទះនីមួយៗ មានទំហំ ៥ម x ៧ម មានបន្ទប់ទឹកចំនួន ១ ព្រមទាំងមានផ្ទៃដីលំនៅឋាន មានទំហំ ៣០ម x ៤០ម ផ្ទៃដីបង្កបង្កើនផលមួយចំនួន ក្នុងនោះ ប្រព័ន្ធ ទឹកស្អាតប្រព័ន្ធអគ្គិសនី (ជំហាន១ បានសម្រេចបាន ១០០%) និង(ជំហាន២ បាននឹងកំពុងតបណ្តាញទឹកស្អាត និងអគ្គិសនីចូលតាមខ្នងផ្ទះ)។

លោកបានបញ្ជាក់ថា «ការផ្តល់ផ្ទះនាពេលនេះ មិនត្រឹមតែជាការផ្តល់ជម្រកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌ ជូនដល់បងប្អូនដែលបានតស៊ូរស់នៅការពារដីធ្លីតាមព្រំដែន។ រាជរដ្ឋាភិបាលមិនដែលបោះបង់បងប្អូនចោលឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ»។
គួរបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួនផ្ទាល់ ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង គឺធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព ភាពយុត្តិធម៌ និងភាពស្មោះត្រង់។ ម្យ៉ាងវិញទៀត វិធីសាស្ត្រនេះ គឺដើម្បីផ្តល់សិទ្ធិអំណាចផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសទីជម្រកដោយខ្លួនឯង ដោយគ្មានការរើសអើង ឬការអន្តរាគមន៍ពីមន្ត្រីអាជ្ញាធរឡើយ៕ដោយ សួនពិសិត

































