
(កំពង់ធំ)÷ អភិបាលស្រុកស្ទោងជំរុញឱ្យគណៈកម្មការលទ្ធកម្មឃុំនិងអ្នកទទួលការផ្តោតលើគុណភាពគ្រឹះសំណង់គុណភាពទូទៅនិងតម្រូវការជាអាទិភាពរបស់ពលរដ្ឋ។
លោក សាយក គឹមឡម បានធ្វើការជំរុញនេះ ក្នុងពិធីដេញថ្លៃកិច្ចសន្យាសំណង់ ដែលជាថវិកម្មមូលនិធិឃុំសំព្រោជ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ គណៈកម្មការលទ្ធកម្មឃុំ និងក្រុមការងារអ្នកទទួលការសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតលើការកសាងគ្រឹះសំណង់ឱ្យបានរឹងមាំ ដែលជាកត្តាអាទិភាពចម្បងក្នុងការធានាសុវត្ថិភាព និងភាពធន់នៃសំណង់។

លោកកបន្ថែមថា ការសាងសង់តាមបទដ្ឋានបច្ចេកទេស គ្រប់គម្រោងអភិវឌ្ឍទាំងអស់ ជាពិសេសការរៀបចំលូជ្រុងធំ ត្រូវតែមានការចាក់គ្រឹះឱ្យបានត្រឹមត្រូវ និងមាំទាំបំផុត ដោយផ្អែកលើបទដ្ឋានបច្ចេកទេសសំណង់ជាមូលដ្ឋាន ដើម្បីចៀសវាងការស្រុត ឬខូចខាតមុនអាយុកាល ហើយ គណៈកម្មការលទ្ធកម្មឃុំ និងភាគីពាក់ព័ន្ធត្រូវមានភាពម្ចាស់ការខ្ពស់ ក្នុងការចុះតាមដាន ត្រួតពិនិត្យសកម្មភាពសាងសង់ជាប្រចាំ (អចិន្ត្រៃយ៍) ដើម្បីធានាថាអ្នកទទួលការអនុវត្តបានត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារដែលបានកំណត់។
ទន្ទឹមនឹងនេះ គ្រប់សកម្មភាពអភិវឌ្ឍត្រូវយកតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាធំ ដើម្បីឱ្យសមិទ្ធផលដែលសាងសង់រួចបម្រើប្រយោជន៍បានចំទិសដៅ និងទាន់ពេលវេលា ហើយប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ ដោយចៀសវាងដាច់ខាតនូវការសាងសង់ ឬប្រកបអាជីវកម្មរំលោភលើដីចំណីផ្លូវ ដែលនាំឱ្យប៉ះពាល់ដល់សោភ័ណភាព និងការងាយស្រួលក្នុងការ ពង្រីកផ្លូវក្នុងពេលអនាគត និងប្រកបដោយបរិស្ថានសោភ័ណភាព។

លើសពីនេះ ការថែរក្សាសមិទ្ធផលឱ្យបានយូរអង្វែងក្រោយពេលកសាងរួចរាល់ គឺជាភារកិច្ច របស់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់សមិទ្ធផលទាំងនោះដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាថាវាអាចប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍រួម។
សូមបញ្ជាក់ថា ការដេញថ្លៃនៅក្នុងឱកាសនេះគឺ ផ្លូវបេតុងប្រវែង៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ចាក់ដីលុបស្រះ១កន្លែង និងស្លាកគម្រោងមួយផ្ទាំង ជាមួយថវិកាតម្លៃប៉ាន់ស្មា ៤០០,១២៩,៤៥៣៛០០ ហើយគម្រោងសាងសង់ផ្លូវក្រួសក្រហមប្រវែង៤គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ក្រួស០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោងមួយកន្លែង ជាមួយតម្លៃប៉ាន់ស្មានសរុប៤៣២,៤៣៨,៧៣៧រៀល។ អត្ថបទរដ្ឋបាលស្រុកស្ទោង



































