រដ្ឋបាលខេត្តកំពង់ធំ បន្តជំរុញ និងគាំទ្រការវិនិយោគឯកជន ដើម្បីបង្កើតការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បន្តយកចិត្តទុកដាក់ជំរុញ និងគាំទ្រការវិនិយោគឯកជន ដោយផ្តោតលើការសម្រួលនីតិវិធីរដ្ឋបាល និងបង្កលក្ខណៈងាយស្រួលជូនវិនិយោគិន ដើម្បីរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មការវិនិយោគខេត្តកំពង់ធំ ដើម្បីពិនិត្យ និងវាយតម្លៃលើសំណើសុំនាំចូលដោយលក្ខខណ្ឌអនុគ្រោះ ដោយលើកលែងពន្ធ និងអាករ របស់ក្រុមហ៊ុនដែលមានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ហ៊ីម លីម៉េង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការវិនិយោគខេត្ត ដោយមានការចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យ និងផ្ទៀងផ្ទាត់សំណើសុំនាំចូលសម្ភារ បរិក្ខារផលិតកម្ម គ្រឿងចក្រ ព្រមទាំងសម្ភារសាងសង់រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធដែលបានអនុម័តរួច ដើម្បីធានាថា សម្ភារ និងបរិក្ខារទាំងនេះត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាព ស្របតាមគោលបំណងនៃគម្រោងវិនិយោគ ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាក់ស្តែង។

ក្នុងឱកាសនេះ ឯកឧត្តម ហ៊ីម លីម៉េង បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ នឹងបន្តជំរុញ និងគាំទ្រការវិនិយោគឯកជន តាមរយៈការខិតខំសម្រួល និងកាត់បន្ថយនីតិវិធីរដ្ឋបាល ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញ និងលើកកម្ពស់ការវិនិយោគនៅតាមមូលដ្ឋាន។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា ការជំរុញការវិនិយោគឯកជន មិនត្រឹមតែជួយពង្រីកសកម្មភាពអាជីវកម្ម និងផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្តកំពង់ធំឱ្យកាន់តែមានការរីកចម្រើន។

រដ្ឋបាលខេត្តកំពង់ធំ នឹងបន្តសហការជាមួយមន្ទីរ-អង្គភាពជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិនឱ្យបានទាន់ពេលវេលា ក្នុងគោលបំណងបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាពនៅក្នុងខេត្ត។អត្ថបទអ៊ុត ដាវីត-ពិនិត្យកែសម្រួលអុ៊ម ញឹប។