សម្តេចតេជោ ហ៊ុន សែន ព្រមានលុបលេខទូរស័ព្ទពីបណ្តាញទំនាក់ទំនង បន្ទាប់ពីមានការរំខានសុំជំនួយហួសហេតុ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការមិនសប្បាយចិត្ត និងព្រមានលុបលេខទូរស័ព្ទចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មកដោយគ្មានការអនុញ្ញាត បន្ទាប់ពីទទួលបានសាររំខានជាច្រើនតាមរយៈ Telegram និង WhatsApp ដែលភាគច្រើនជាការស្នើសុំជំនួយហិរញ្ញវត្ថុ និងការជួបផ្ទាល់។ ការថ្លែងនេះធ្វើឡើងនៅថ្ងៃខួបមួយខែរបស់ចៅសម្តេច ដែលជាថ្ងៃគួរឱ្យរីករាយ ប៉ុន្តែបែរជាមានការរំខាន។

តាមបណ្តាញសង្គម សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖

« (បើស្រឡាញ់កុំទៅញឹកបើរលឹកទៅម្តងៗ) នេះភាសារប្រៀនប្រដៅរបស់ ដូនតា។ ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំ គួរតែរីករាយតែបែជាមិនសប្បាយចិត្តដោយសារថ្ងៃនេះមានសារចូលមកតាម Telegram & WhatsAppជិត២០ ខ្លះផ្ញើសារសុំចូលជួបផ្ទាល់ ខ្លះនិយាយរឿងលំបាកក្នុងគ្រួសារ និងពិសេសសុំ លុយទិញផ្ទះ សុំលុយទិញម៉ូតូម្តង២គ្រឿង ខ្លះមិនដាក់ត្រង់ទេគឺទិញ មធ្យោបាយធ្វើដំណើរតែច្បាស់ជា រថយន្តហើយព្រោះគាត់មានម៉ូតូជិះ ហើយនិងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេស។ល។

កន្លងមកខ្ញុំធ្លាប់ជួយសម្រាប់និស្សិតក្រីក្រ ឲ្យលុយជួលផ្ទះបង់ថ្លៃសាលា និងប្រាក់ខ្លះៗសម្រាប់ជីវភាពដែល រាប់រយឬរាប់ពាន់ដុល្លារប៉ុណ្ណោះតែថ្ងៃ នេះគិតតែមនុស្ស ៤នាក់មានតម្លៃរាប់មុឺនដុល្លារ។ ថ្លៃទិញផ្ទះ ថ្លៃទិញឡាននិងម៉ូតូនិងថ្លៃបង់ថ្លៃសាលារាប់ម៉ឺនដុល្លារ ក្នុងមួយឆ្នាំដែលវាថ្លៃជាងជំនាន់កូនៗខ្ញុំទៅរៀននៅក្រៅប្រទេសទៅទៀត។ ក្រៅពីរឿងលុយនៅរឿងរំខានពេល វេលាតាមរយះផ្ញើសារស្ទើរៀងរាល់ថ្ងៃ ព្រឹកពេលកូនចេញទៅរៀនក៏ផ្ញើសារមកពេលល្ងាចកូនចេញពីរៀនក៏ផ្ញើសារមកទាំងសម្លេងទាំងសំណេរ។

ខ្ញុំសូមជំរាបថាសព្វថ្ងៃខ្ញុំនិងកូនប្រុសៗ ពិសេសកូនដែលធ្វើនាយករដ្ឋមន្ត្រីខ្ញុំ ទាក់ទងតិចណាស់ព្រោះខ្ញុំដឹងថាគេរវល់ណាស់។ ការងារណាដែលអាច ពន្យាបានផ្អាកសិនរង់ចាំដោះស្រាយពេលក្រោយ។ ខ្ញុំសូមទោសចំពោះអ្នកដែលសុំជួបខ្ញុំផ្ទាល់ដែលខ្ញុំមិនអាចជួបបាន។ប្រសិនខ្ញុំ ត្រូវជួបខ្ញុំហៅមកជួបតែម្តងដូចករណី វ៉ាន សែនវ៉ា និងគ្រួសារមុននេះជាង១០ថ្ងៃ។ ខ្ញុំក៏សូមជំរាបមុនថាខ្ញុំនឹងលុប ចេញពីបណ្តាញទំនាក់ទំនងសម្រាប់
បងប្អូនណាដែលភ្ជាប់មកខ្ញុំដែលគ្មានការអនុញ្ញាតិ។

ចុងក្រោយសូមរំលឹកសារជាថ្មីនូវពាក្យប្រដៅរបស់ដូនតាថា(បើស្រឡាញ់ទៅទៅញឹកបើរលឹកទៅម្តងៗ)ទៅលេងផ្ទះគេរាល់ថ្ងៃគេធុញទ្រាន់ និងបើផ្ញើសារមករាល់ថ្ងៃក៏គេធុញទ្រាន់ដែរក្នុងករណីសារនោះមិនទាក់ទេជាមួយការងារនៃអ្នកទទួល។

ខ្ញុំមិនគួរបញ្ចេញសារបែបនេះទេតែបើមិនបញ្ចេញករណីបែបនេះនឹងមានបន្ត ហើយកាន់តែច្រើនព្រោះលេខទូរសព្វ័ខ្ញុំមានអ្នកស្គាល់កាន់តែច្រើន»៕