(ប៉េកាំង)៖ នាពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានឆ្លើយតបសារលិខិតរបស់យុវនិស្សិត មកពីសកលវិទ្យាល័យចំនួន១០ របស់សហរដ្ឋអាមេរិក ដែលបានចូលរួមសកម្មភាពផ្លាស់ប្តូរយុវជនរវាងចិននិងអាមេរិក នៅប្រទេសចិន។

លោក Xi Jinping បានលើកឡើងថា ខ្ញុំរីករាយណាស់ដែលដឹងថា អ្នកទាំងអស់គ្នាមានដំណើរកម្សាន្តនៅប្រទេសចិន ប្រកបដោយភាពរីករាយនិងពិបាកបំភ្លេចបាន។ ខ្ញុំមានក្តីសោមន្សរីករាយយ៉ាងខ្លាំង ចំពោះក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នាចំពោះអរិយធម៌ចិននិងការរំពឹងទុក សម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសចិននិងសហរដ្ឋអាមេរិក ហើយមានឆន្ទៈធ្វើជាបេសកជនមិត្តភាពឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក។
លោក Xi Jinping បានសង្កត់ធ្ងន់ថា យុវជនចិននិងអាមេរិករស់នៅលើភពផែនដីតែមួយ និងមានបេសកកម្មរួមនៅក្នុងយុគសម័យនេះ។សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តធ្វើការជាមួយ យុវជននៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងក្លាយជា អ្នកបន្តវេន អ្នកថែរក្សានិងអ្នកអភិវឌ្ឍ នៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងអាមេរិក ព្រមទាំងចាប់ដៃគ្នាជំរុញការយល់ដឹងគ្នានិងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានភាពយូរអង្វែងនិងប្រកបដោយស្ថិរភាព ដើម្បីរួមចំណែកជាកម្លាំងយុវវ័យក្នុងការកសាងពិភពលោកកាន់តែល្អប្រសើរ៕




























