(រីយ៉ាដ)៖ នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ បណ្តាប្រទេស G7 បានអំពាវនាវឱ្យក្រុមហ៊ូទី (Houthis) នៅយេម៉ែន បញ្ឈប់ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ជាមួយការបង្ហាញពីការគាំទ្រ និងសាមគ្គីភាពជាមួយទីក្រុងរីយ៉ាដ ខណៈក្រុមដែលទទួលបានការគាំទ្រពីអ៉ីរ៉ង់មួយនេះ បាននាំមកនូវការគំរាមកំហែងថ្មីមួយទៀត ដល់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្តីថ្លែងការណ៍រួម បណ្តាមេដឹកនាំនៃប្រទេស G7 ដែលតំណាងឱ្យកាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ព្រីថេន និងសហរដ្ឋអាមេរិក បានលើកឡើងថា «យើងអំពាវនាវឱ្យក្រុមហ៊ូទី បញ្ឈប់រាល់សកម្មភាពយោធាជាបន្ទាន់»។ បណ្តាដឹកនាំក៏បានអំពាវនាវឱ្យអ៉ីរ៉ង់ «បញ្ឈប់ការផ្គត់ផ្គង់អាវុធ និងគាំទ្រដល់ក្រុមហ៊ូទី» ដោយចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់កំពុងរំលោភលើសេចក្តីសម្រេចនានា ដែលបានអនុម័តកាលពីពេលកន្លងទៅ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ក្រុមហ៊ូទីបានធ្វើប្រតិបត្តិការវាយលុកយ៉ាងឆាប់រហ័ស ដើម្បីដណ្តើមគ្រប់គ្រងតំបន់សមុទ្រក្រហម (Red Sea) ទាំងមូលរបស់ប្រទេសយេម៉ែន រួមទាំងទីក្រុង Mokha ផងដែរ ដែលសកម្មភាពនេះបង្កការគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក និងប្រេងឡើងថ្លៃ។ ជោគជ័យសម្រេចបានដោយក្រុមហ៊ូទី បានជួយពង្រឹងការគ្រប់គ្រងរបស់អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនលើផ្លូវទឹកដ៏សំខាន់ពីរ រួមទាំងច្រកសមុទ្រ Hormuz ដែលតំបន់ឈូងសមុទ្រទាំងមូល និងអារ៉ាប៊ីសាអូឌីតដែលជាអ្នកនាំចេញប្រេងឆៅកំពូល ពឹងផ្អែកលើសម្រាប់ការដឹកជញ្ជូនប្រេង ចេញទៅក្រៅប្រទេស៕




























