មនុស្ស ៥នាក់រងរបួស ក្នុងការបាញ់ប្រហារនៅក្រៅបរិវេណសាលារៀន ភាគខាងលិចប្រទេសតួកគីយ៉េ

(អង់ការ៉ា)៖ មនុស្សចំនួន ៥នាក់ដែលរួមមានទាំងសិស្សសាលាផងនោះ បានរងរបួស នៅពេលដែលខ្មាន់កាំភ្លើងម្នាក់ បើកការបាញ់ប្រហារនៅខាងមុខវិទ្យាល័យមួយកន្លែង ក្នុងខេត្ត Manisa ភាគខាងលិចប្រទេសតួកគីយ៉េ នាថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦។

ទូរទស្សន៍ NTV បានរាយការណ៍ថា ម្នាក់ក្នុងចំណោមអ្នករងរបួសស្ថិតក្នុងសភាពធ្ងន់ធ្ងរ ខណៈជនបង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅប្រហែលម៉ោង ៨ព្រឹក (ម៉ោងក្នុងតំបន់) ហើយមូលហេតុនៃការវាយប្រហារ មិនទាន់ដឹងច្បាស់នៅឡើយទេ។ ការិយាល័យអភិបាលខេត្ត Manisa បានប្រកាសតាមបណ្តាញសង្គម X ថា «យើងទទួលបានសេចក្តីរាយការណ៍ អំពីការបាញ់ប្រហារ ក្បែរវិទ្យាល័យវិជ្ជាជីវៈ និងបច្ចេកទេស Inci Uzmez Vocational and Technical Anatolian ក្នុងស្រុក Turgutlu»។

គួរបញ្ជាក់ថា តួកគីយ៉េ ធ្លាប់កើតមានហេតុការណ៍បាញ់ប្រហារនៅសាលារៀនចំនួន ២លើក បណ្តាលឱ្យមានមនុស្សស្លាប់កាលពីខែមេសា និងបង្កការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេស ក៏ដូចជាជំរុញឱ្យមន្ត្រីនានាដាក់ចេញនូវវិធានការសន្តិសុខ សម្រាប់ឆ្នាំសិក្សា២០២៦ និង ២០២៧ រួមទាំងរឹតបន្តឹងទៅលើការគ្រប់គ្រងអាវុធផងដែរ៕