
កំពង់ធំ ÷ នៅព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ បានរៀបចំបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំ ៩ខែ ឆ្នាំ ២០២៦. ក្រោមអធិបតីភាព ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកំពង់ធំ. លោក លោកស្រី អភិបាលរងក្រុងស្រុកទាំង៩ តំណាងមន្ទីរ អង្គការដៃគូ និងអង្គភាពពាក់ព័ន្ធជាច្រើន។
លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានខិតខំបំពេញនិងអនុវត្តក្នុងរយៈពេល ៩ ខែកន្លងមក ដោយសម្រេចបាននូវលទ្ធផលគួរឲ្យកោតសរសើរ។ ហើយលោកក៏បានលើកឡើងពីរបញ្ហាប្រឈម សំណូមពរ និងទិសដៅបន្ត ដើម្បីឲ្យការអភិវឌ្ឍន៍នៅក្នុងខេត្តកំពង់ធំកាន់តែមានប្រសិទ្ធភាព។

ទន្ទឹមនិងលទ្ធផលដ៏ល្អប្រសើរដែលសម្រេចបាន ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកំពង់ធំ បានជំរុញឲ្យ ក្រុងស្រុកទាំង៩ ចូលរួមជួយថែរក្សានូវសមិទ្ធផលដែលបានសាងសង់ និងអនុវត្តនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។ ត្រួតពិនិត្យបន្ថែមចំពោះប្រជាពលរដ្ឋដែលពុំមានបង្គន់អនាម័យ បើពលរដ្ឋក្រីក្រត្រូវស្វែងរកថវិកាជួយពួកគាត់។ អាជ្ញាធរមូលដ្ឋានបន្តពង្រឹងការអនុវត្តសេចក្តីណែនាំ របស់រដ្ឋបាលខេត្ត ស្ដីពីចលនាជំរុញការសាងសង់បង្គន់គ្រួសារ ពិសេសគ្រួសារដែលសាងសង់ផ្ទះថ្មី។ រដ្ឋបាលក្រុងស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពន្លឿន និងពិនិត្យផ្ទៀងផ្ទាត់ឲ្យបានហ្មត់ចត់ អំពីការប្រមូលទិន្នន័យបរិក្ខាផ្គត់ផ្គង់ទឹកស្អាតជនបទ និងបង្គន់អនាម័យនៅតាមទីសាធារណៈ ក្នុងខេត្តកំពង់ធំ និងប្រគល់ទិន្នន័យមកមន្ទីរវិញឲ្យបានទាន់ពេលវេលា។

ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំនៅលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៩ខែ កន្លងមកនេះ ដែលទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដើម្បីជំរុញចក្ខុវិស័យអភិវឌ្ឍន៍ជនបទ ឲ្យមានវិបុលភាព បរិយាប័ណ្ណ នវានុវត្តនិងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារ ប្រកបដោយចីរភាព និងសុខមាលភាពកាន់តែល្អប្រសើរ។ ឯកឧត្តមបានបញ្ជាក់ថាមន្ទីរ បានអនុវត្តតួនាទីជាសេនាធិការជូនក្រសួងអភិវឌ្ឍបទ និងរដ្ឋបាលខេត្ត យ៉ាងសកម្ម ក្នុងការអភិវឌ្ឍជនបទនៅខេត្តកំពង់ធំ ដោយអនុវត្តតាមអនុសាសន៍ ថ្នាក់ដឹកនាំ និងគោលនយោបាយរាជរដ្ឋាភិបាល។

ជាចុងក្រោយ ឯកឧត្តម អ៉ិន ចន្ថា បានមានប្រសាសន៍ផ្ដាំផ្ញើរ ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ សូមឱ្យខិតខំទាំងអស់គ្នាថែរក្សានូវសុខសន្តិភាព ដើម្បីឲ្យមានការអភិវឌ្ឍកាន់តែរីកចម្រើន. បន្តពង្រឹងការដឹកនាំនិងសម្របសម្រួលការងារ ជាមួយរដ្ឋបាលខេត្ត ក្រុងស្រុក និងបណ្ដាអង្គភាពពាក់ព័ន្ធជុំវិញខេត្ត. បន្តសាមគ្គីផ្ទៃក្នុងឳ្យបានល្អ . ពង្រឹងនិងត្រួតពិនិត្យការងារដែលបានអនុវត្ត និងអភិវឌ្ឍន៍កន្លងមក. បន្តលើកកម្ពស់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ. បន្តយកចិត្តទុកដាក់លើសហគមន៍ជនជាតិដើមភាគតិច តាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យ និងការកំណត់ទទួលស្គាល់នូវអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចឲ្យបានកាន់តែច្រើនកាន់តែល្អ។ អត្ថបទ លន សុភា

































