កូរ៉េខាងជើងប្រកាសពីការធ្វើតេស្តប្រព័ន្ធមីស៊ីលការពារដែនអាកាស និងធ្វើសមយុទ្ធបាញ់មីស៊ីលគ្រូស

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរាយការណ៍ថាទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់ប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មីមួយ និងធ្វើសមយុទ្ធបាញ់មីស៊ីលគ្រូសកាលពីថ្ងៃពុធ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម KCNA ការធ្វើតេស្តប្រព័ន្ធមីស៊ីលការពារដែនអាកាសបានបញ្ជាក់ពីលក្ខណៈបច្ចេកទេស និងប្រសិទ្ធភាពនៃគ្រឿងបរិក្ខារ ព្រមទាំងមុខងារចង្អុលប្រាប់ទិសជាច្រើនបំពាក់លើគ្រាប់មីស៊ីល ព្រមទាំងសមត្ថភាពនៃប្រព័ន្ធកំណត់អត្តសញ្ញា និងតាមដានគោលដៅ។ KCNA បានឱ្យដឹងទៀតថាអង្គភាពមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងក៏បានដឹកនាំការធ្វើតេស្ត ក្នុងសមយុទ្ធមួយកាលពីថ្ងៃពុធផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន​ ដោយបាញ់ចេញពីតំបន់ Sondok។ នេះគឺជាការធ្វើតេស្តបាញ់មីស៊ីលជាលើកទី៤ក្នុងរយៈពេលមួយខែមកនេះ៕