ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អំពាវនាវឱ្យរួមគ្នារៀបចំផែនការប្រើប្រាស់ដីធ្លីច្បាស់លាស់ និងជំរុញការអភិវឌ្ឍតំបន់ឆ្នេរខេត្តកំពត

(កំពត)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំពាវនាវឱ្យរួមគ្នារៀបចំផែនការប្រើប្រាស់ដីធ្លីច្បាស់លាស់ និងជំរុញការអភិវឌ្ឍតំបន់ឆ្នេរខេត្តកំពត។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីស្រុកកំពង់ត្រាចចក្ខុវិស័យឆ្នាំ២០៥០ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំដីធ្លីត្រូវធ្វើឡើងឱ្យបានត្រឹមត្រូវ និងមានផែនការច្បាស់លាស់ ដោយផ្តើមចេញពីការយល់ដឹងអំពីខ្លួនឯង និងធនធានដែលមានស្រាប់។ ដោយឡែក សម្រាប់ខេត្តកំពត ការរៀបចំប្លង់គោល និងផែនការប្រើប្រាស់ដី នឹងត្រូវធ្វើឡើងជាគម្រោងរួមសម្រាប់តំបន់ឆ្នេរទាំងមូល។

ក្នុងនោះ អាជ្ញាធរនឹងអនុវត្តគម្រោងប្រែក្លាយតំបន់ទេសចរណ៍ទាំងអស់ជាជំហានៗ ដោយផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដូចជា ផ្លូវ ចំណតរថយន្ត និងបន្ទប់ទឹកសាធារណៈ ព្រមទាំងការវិនិយោគនៅតាមសហគមន៍ ដើម្បីពង្រីកសក្តានុពលតំបន់នីមួយៗឱ្យអស់លទ្ធភាព សំដៅទាក់ទាញភ្ញៀវទេសចរ និងជំរុញកើនឡើងនៃសេដ្ឋកិច្ចមូលដ្ឋាន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការតាក់តែងសេចក្តីព្រាងប្លង់គោល និងផែនការប្រើប្រាស់ដីនៅក្នុងស្រុកកំពង់ត្រាច។ លោកបានបន្ថែមថា ទៅថ្ងៃអនាគត ការងាររៀបចំផែនការប្រើប្រាស់ដីនេះ នឹងក្លាយជាមុខងារចម្បងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវទទួលខុសត្រូវ និងរៀបចំដោយផ្ទាល់នៅថ្នាក់ឃុំ-ស្រុក៕