(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហាញក្ដីសង្ឃឹមថាប្រទេសរបស់លោកនឹងទទួលបានជំនួយរឹតតែច្រើនឡើងពីសហរដ្ឋអាមេរិក បន្ទាប់ពីគណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិជាមួយការឈ្នះអាសនៈភាគច្រើន ដើម្បីគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គីធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ ZDF។ មេដឹកនាំអ៊ុយក្រែនសង្ឃឹមថាការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យលើសភាទាំង២ របស់សហរដ្ឋអាមេរិកនឹងផ្ដល់អត្ថាប្រយោជន៍សម្រាប់ទីក្រុងកៀវ។ «ខ្ញុំពិតជាអរគុណគណបក្សសាធារណរដ្ឋ ប៉ុន្តែគណបក្សប្រជាធិបតេយ្យបានបង្ហាញជំហរច្បាស់លាស់ជាងចំពោះការគាំទ្រអ៊ុយក្រែន និងការផ្ដល់ជំនួយ ឱ្យអ៊ុយក្រែន»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី។
លោក ហ្សេលេនស្គីបានបន្ថែមថាគណបក្សប្រជាធិបតេយ្យតែងតែនិយាយពីការជួសជុលទំនាក់ទំនងឡើងវិញរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយសង្ឃឹមថាតុល្យភាព អំណាចមួយនឹងលេចចេញជារូបរាង ហើយអ៊ុយក្រែននឹងទទួលបានជំនួយកាន់តែច្រើន។
គួរបញ្ជាក់ថា បេសកជនពិសេសអាមេរិក លោក Steve Witkoff ឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចចរចាមួយរវាងអ៊ុយក្រែន និងរុស្ស៉ី ក្នុងទីក្រុង Abu Dhabi ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីពិភាក្សាពីការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕



























