នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជា ខួប ទី ២៧ ឆ្នាំ ដែល កម្ពុជា បានប្រកាស អោយប្រើ ប្រាស់ ជា ផ្លូវការនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតាមហ្វេសប៊ុគចូលរួមអបអរសាទរខួប២៧ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជាថ្ងៃ២៤កញ្ញា ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា « ផ្តើមចេញពី កិច្ចព្រមព្រៀង ទីក្រុង ប៉ារីស ស្តីពី ដំណោះស្រាយ រួម បញ្ចប់ នូវ វិបត្តិ កម្ពុជា ដែល ប្រព្រឹត្តទៅ នៅ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ គឺ កម្ពុជា បាន ផ្លាស់ប្តូរ ចូលទៅក្នុង របត់ ប្រវត្តិសាស្ត្រ ថ្មី មួយ ដោយមាន ការឯកភាព ផ្ទៃក្នុង ការដោះស្រាយ បញ្ហានយោបាយ ដោយ កម្ពុជា បាន ឯកភាពគ្នា រៀបចំ ការបោះឆ្នោត នៅក្នុង ខែឧសភា ឆ្នាំ ១៩៩៣ ដែលមាន ការគាំទ្រ ពី អង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC) ។ បន្ទាប់មក រដ្ឋធម្មនុញ្ញ ជាតិ ក៏ ត្រូវបាន បង្កើតឡើង ជា ប្រវត្តិសាស្ត្រ នៅក្នុង ឆ្នាំ ១៩៩៣» ។
សម្តេច តេ ជោ ហ៊ុន សែន បន្តថា « នៅ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅក្នុង មហា ប្រាសាទ ទេវាវិនិច្ឆ័យ នៅក្នុង ព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីត មហាវីរក្សត្រ ព្រះ បរម រតន កោដ្ឋ ព្រះអង្គ បាន ឡាយ ព្រះ ហត្ថលេខា លើ ព្រះរាជក្រម ប្រកាស ឲ្យ ប្រើ រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ កម្ពុជា ជា ផ្លូវការ ។ នៅ ថ្ងៃទី ២៤ ខែកញ្ញា គឺជា ថ្ងៃកំណើត រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ដែល មកដល់ ឆ្នាំ ២០២០ គឺ រដ្ឋធម្មនុញ្ញ កម្ពុជា មាន អាយុកាល ២៧ ឆ្នាំ ហើយ » ។
សម្តេច តេ ជោ ហ៊ុន សែន បន្តថា « រដ្ឋធម្មនុញ្ញ គឺជា ច្បាប់កំពូល នៃ ព្រះរាជាណាចក្រ កម្ពុជា ។ ច្បាប់ និងសេចក្តីសម្រេច ទាំងឡាយ នៃ ស្ថាប័ន នានា របស់ រដ្ឋ ត្រូវ ស្របទៅនឹង រដ្ឋធម្មនុញ្ញ ជាដាច់ខាត ។ ចំណុច សំខាន់ៗ បំផុត មួយចំនួន ដែល បានចែង ច្បាស់ នៅក្នុង រដ្ឋធម្មនុញ្ញ មានដូចជា កម្ពុជា ត្រូវគោរព ដាច់ខាត នូវ របបរាជានិយម អាស្រ័យ រដ្ឋធម្មនុញ្ញ របប ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ រដ្ឋធម្មនុញ្ញ កម្ពុ ជា បានចែង អំពី គោលការណ៍ នៃ ការបែងចែក អំណាច ដាច់ដោយឡែក ពីគ្នា គឺ អំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ហើយក៏ បានអនុម័ត នូវ សិទ្ធិ ជា មូលដ្ឋាន របស់ ប្រជាពលរដ្ឋ និង គោលការណ៍ នីតិរដ្ឋ ជាដើម »៕































