សត្វដំរីឈ្មោលអាស៊ីមួយក្បាលដែលជាអំណោយរបស់រដ្ឋាភិបាលប៉ាគីស្ថាន នឹងដឹកបញ្ជូនមកដល់កម្ពុជា នៅចុងខែវិច្ឆិកា ឆ្នាំ២០២០។ ដំរីឈ្មោលមួយក្បាលនេះ មានអាយុ ៣៥ឆ្នាំ ហើយត្រូវបានដាក់ឈ្មោះថា កាវ៉ាន់ ដែលនឹងត្រូវផ្ទេរទៅព្រៃនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដែលថែរក្សាដោយអង្គការ CWS និងក្រសួងបរិស្ថាន។ នេះប់តាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
យោងតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការធ្វើការងារផ្នែកអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ បានបង្ហាញថា ក្នុងពេលបច្ចុប្បន្ន សត្វដំរីអាស៊ីដែលមានវត្តមាននៅកម្ពុជា នៅសល់ប្រហែល ចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដោយសារទីនោះជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប មានប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅដល់ពួកវា និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថា មានចំនួន៧១ក្បាល។
បើតាមការបញ្ជាក់ពីឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ កម្រិតនៃការបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុក និងកន្ទុយ មានការថយចុះ ប៉ុន្តែទីជម្រកនៃពួកគេត្រូវបានរំខានដោយមនុស្ស។ ឯកឧត្តម មានប្រសាសន៍ថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីតាមរដូវកាល ដើម្បីស្វែងរកចំណី។
សូមជម្រាបថា ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើ សកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិហៅកាត់ថា « IUCN » ។ ការការមកដល់នៃសត្វដំរីឈ្មោលមួយក្បាលនេះ នឹងជួយឱ្យការអភិរក្សដំរីអាស៊ីដែលជាប្រភេទសត្វកម្រ ឱ្យបន្តពូជពង្សគង់វង្សយូរអង្វែងនៅកម្ពុជា៕































